ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងធ្វើកិច្ចប្រជុំបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួល ដែលស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ត្រឹមថ្ងៃទី៩-១០ ខែកញ្ញា មុនពិធីបុណ្យភ្ជុំបិណ្ឌ។ការសម្រេចនេះ ធ្វើឡើងក្រោយភាគីពាក់ព័ន្ធដែលមានសហជីព និង ម្ចាស់រោងចក្រជួយប្រជុំគ្នានៅថ្ងៃទី ៣ កញ្ញានេះ នៅទីស្តីការក្រសួងការងារ។
កិច្ចប្រជុំនៅថ្ងៃនេះដឹកនាំដោយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ក្នុងកិច្ចប្រជុំលោកអ៊ិត សំហេង បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២០ ដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ប្រព្រឹត្តទៅតាមកាលបរិច្ឆេទធម្មតា ប៉ុន្តែដោយសារនៅខែមីនា ឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញផលិតផលចម្បងរបស់ប្រទេសកម្ពុជា ហើយប្រទេសទាំងនោះបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលជាហេតុធ្វើឱ្យការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងរបស់ប្រទេសកម្ពុជាមានការធ្លាក់ចុះ។
យ៉ាងណាក៏ដោយ លោកបានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលមុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ ដើម្បីឲ្យកម្មករនិយោជិត ក៏ដូចជាភាគីដែលមានសមាសភាពក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានភាពស្ងប់ចិត្តក្នុងការឈប់សម្រាកនាឱកាសខាងមុខនោះ។បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តលើកដំបូងក្នុងឆ្នាំ២០០០ ហើយត្រូវបានធ្វើការកែលម្អជាបន្តបន្ទាប់តាមរយៈយន្តការត្រីភាគី។ ហើយការចរចាប្រាក់ឈ្នួលអប្បបរមា ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយដំណើរការទៅយ៉ាងរលូននឹងដែលអាចទទួលយកបានដោយគ្រប់ភាគី ដើម្បីជៀសបាននូវការតវ៉ាតាមផ្លូវសាធារណៈ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងកិច្ចប្រជុំត្រីភាគីនៅថ្ងៃនេះ គ្រប់ភាគីបានបង្ហាញពីរបាយការណ៍ស្រាវជ្រាវដែលរកឃើញ ហើយខាងម្ចាស់រោងចក្របានពន្យល់ពីក្តីបារម្ភបញ្ហាកូវីដនិងផលប៉ះពាល់នានា។ប៉ុន្តែក្នុងកិច្ចប្រជុំនោះភាគីទាំងអស់មិនបានបង្ហាញតួលេខដែលខ្លួនចង់បាននោះទេ ដោយរង់ចាំសម្រេចបញ្ចប់នៅបញ្ចប់ថ្ងៃ៩-១០កញ្ញាខាងមុខនេះ។
សូមរំលឹកដែរថា ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យនេះ ត្រូវបានកែសម្រួលពី ១៨២ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០១៩ រហូតដល់ ១៩០ ដុល្លារអាមេរិកក្នុង មួយខែសម្រាប់ឆ្នាំ២០២០នេះ ស្មើនឹង ៤.៤% បើបូកនឹងប្រាក់អត្ថប្រយោជន៍បន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២០៧ ទៅ ២១៨ ដុល្លារអាមេរិកក្នុងមួយខែនៅក្នុងឆ្នាំ២០២០។នេះបើតាមការអះអាងរបស់ក្រសួងការងារ៕