
ប៉េកាំង៖ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ១៥ ខែវិច្ឆិកា បានអញ្ជើញជួបសន្ទនាការងារជាមួយ តាមប្រព័ន្ធវីដេអូ ជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
នៅក្នុងជំនួបកាលពីថ្ងៃចន្ទ លោក លី ខឺឈាង បានប្រាប់សម្តេច ហ៊ុន សែនថា ប្រទេសចិន និងកម្ពុជា ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធជាមួយនឹងមិត្តភាពយ៉ាងជ្រាលជ្រៅ បាននិងកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ។ហើយចិននឹងជំរុញឲ្យមានការចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់ តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន។
ជាមួយគ្នានេះ លោក លី ខឺឈាង បានសន្យាថា ភាគីចិននឹងចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ ហើយផ្ដល់ការគាំទ្រជំនួយដល់កម្ពុជាក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំក្រោយនេះផងដែរ។លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងទទួលយកការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាឱកាសមួយ ដើម្បីបង្កើនភាពស៊ីសង្វាក់ ដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការធ្វើពាណិជ្ជកម្ម ការវិនិយោគជាដើម។
សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសចិន ហើយសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យនានា រួមមាន កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សុខភាពសាធារណៈ ការអប់រំ និងវប្បធម៌ និងធ្វើការជាមួយប្រទេសចិន ដើម្បីធានាឱ្យចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតាមការគ្រោងទុក។
សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជាកំពុងទន្ទឹងរង់ចាំការសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីជំរុញឱ្យមានលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ASEM និងផ្តល់ទំនាក់ទំនងល្អរវាងអាស៊ាន និងប្រទេសចិន៕