Cc time web banner 054637

លោកលាង ស៊ីកន ជាសិល្បករឆ្នើមមានដុងពីកំណើតបង្កើតស្នាដៃគំនូរល្អគ្មានពីរ

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សិល្បករលាង ស៊ីកន ចូលគាល់​សម្ដេច​ព្រះមហាក្សត្រី​នរោត្តម​មុនីនាថ​សីហនុ​ ព្រះវរាជ​មាតា​ជាតិ​ខ្មែរ​ក្នុង​សេរីភាព​សេចក្ដី​ថ្លៃថ្នូ​រ។

រូបភាព៖ ផ្ដល់ឱ្យ

ភ្នំពេញ៖ ដោយសារតែមានចិត្តស្រលាញ់លើការគូរូបតាំងតែពីកុមារភាព លោកលាង ស៊ីកន បានចូលរៀនផ្នែកគំនូរនៅសាលាភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ១៩៩២។ ដោយសារតែការខិតខំរៀនសូត្រ និងមានដុងពីធម្មជាតិ បូកផ្សំជាមួយភាពច្នៃប្រឌិត ការសិក្សាស្រាវជ្រាវបង្កប់ដោយអត្ដសញ្ញាណខ្មែរ ទើបធ្វើឱ្យលោកក្លាយជាសិល្បករឆ្នើម មានការទទួលស្គាល់ពីអង្គព្រះមហាក្សត្រ និងមហាជនដទៃទៀត។ ចំណែកស្នាដៃគំនូររបស់លោក លក់បានតម្លៃខ្ទង់ម៉ឺនដុល្លារ។

តាមរយៈកិច្ចសម្ភាសជាមួយស៊ីស៊ីថាមស៍ លោកលាង ស៊ីកនបានឱ្យដឹងថា លោកជាសិល្បកសហសម័យមួយរូបដែលមានដុងពីធម្មជាតិ និងបានចំណាយពេល១០ឆ្នាំរៀនសូត្រផ្នែគំនូរបុរាណ គំនូរសម័យ និងជំនាញតុបតែងលម្អនៅសាលារចនា និងបានបញ្ចប់ការសិក្សានៅឆ្នាំ២០០២។

រំលឹកកាលពីលោកនៅរៀន លោកប្រាប់ថាមានជីវភាពខ្វះខាត តែលោកប្រឹងតស៊ូរៀនហ្វឹកហាត់ជំនាញគូររូបដែលលោកស្រលាញ់ ដោយឆ្លៀតគូរស្លាកយីហោកាត់សក់ ហាងអ៊ុតសក់ ហាងជួសជុលម៉ាញ៉េ ឬហាងផ្សេងៗជាដើម ដើម្បីបានហ្វឹកហាត់ និងបានប្រាក់កម្រៃខ្លះផ្គត់ផ្គង់ការចាយវាយ។លោកបានឱ្យដឹងទៀតថា លោកមានស្នាដៃជាច្រើនតាំងពីលោកមិនទាន់បញ្ចប់ការសិក្សា ដូចជាពាន់រង្វាន់លេខមួយពីអង្គការសហប្រជាជាតិ ពាន់រង្វាន់លេខពីរ ស្នាដៃគំនូរអេដស៍ និងស្នាដៃឆ្នើមប្រចាំសាលាទៀតផង។

ទម្រាំតែមានឈ្មោះជាសិល្បករ លោកបានប្រឹងទាំងការរៀនសូត្រពីសាលា ការបង្កើតភាពច្នៃប្រឌិត ភាពបិនប្រសប់ ចិត្តស្រលាញ់សិល្បៈ និងចិត្តតស៊ូអត់ធន់ក្នុងវិស័យនេះ ទើបជំរុញឱ្យលោកសម្រេចស្នាដៃធំៗជាច្រើនទាំងក្នុងនិងក្រៅស្រុក។

រូបភាពផ្ដល់ឱ្យ

សិល្បករដ៏ឆ្នើមរូបនេះមានប្រសាសន៍ថា៖ យើងរៀននៅសាលាគឺជាផ្នែកមួយដ៏សំខាន់នៃមេរៀន ក្បួនខ្នាតរបស់សាលាដែលបានបង្រៀនយើង ប៉ុន្តែដុងពីធម្មជាតិរបស់យើងក៏ជាផ្នែកមួយមិនអាចខ្វះបាន»។

លោកអះអាងថា បើអ្នកចង់ក្លាយជាសិល្បករឆ្នើមមិនមែនរៀននៅសាលាតែមួយមុខបានក្លាយទៅជាសិល្បករទេ ទាល់តែអ្នកមានការតាំងចិត្តខិតខំប្រឹងប្រែងរៀនសូត្រ មានគំនិតច្នៃប្រឌិតល្អអស្ចារ្យ ចេះបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនតាមរយៈស្នាដៃឱ្យមានភាពលេចធ្លោ និងមានការទទួលស្គាល់ពីមហាជន។

លោកបានបន្ថែមទៀតថា ក្នុងអំឡុងឆ្នាំ២០០២ ដល់២០០៣ ស្នាដៃរបស់លោកដែលជាគំនូរសហសម័យបែបលាយបញ្ចូលគ្នា(គំនូរផ្គុំ) បង្កើតឡើងដេរដោយដៃផង និងប្រើម៉ាស៊ីនផង ទើបមានភាពអស្ចារ្យ និងច្នៃប្រឌិតខ្ពស់ដែលមិនមានអ្នកធ្វើដូចឡើង។ ហើយស្នាដៃទាំងនេះ គឺបានលក់ឱ្យសារមន្ទីរសហរដ្ឋអាមេរិក សឹង្ហបុរី ហុងកុង អូស្រ្តាលីជាដើម ចំណែកតម្លៃចាប់ពីខ្ទង់ពាន់ ដល់ម៉ឺនដុល្លារទៀតផង។

ជាអ្នកគំនូរអាជីពម្នាក់ លោកថាគ្រប់ស្នាដៃរបស់លោកមិនថាជាគំនូរទម្រង់បែបណាទេ គឺសុទ្ធតែមានអត្តសញ្ញាណ និងបង្កប់អត្ថន័យ គ្រាន់តែក្រលេកមើលក៏ដឹងថាជាស្នាដៃរបស់លោកតែម្ដង ព្រោះស្នាដៃលោកមិនមានអ្នកណាច្នៃដូចឡើយ។

លោកបន្តយ៉ាងដូច្នេះថា គំនូររបស់លោកជាគំនូរដែលបង្កើតចម្ងល់ដល់អ្នកមើល ជាគំនូរមួយដែលព្យាបាលផ្លូវចិត្ត និងសេរីភាព មានន័យថាអ្នកមើលនឹងរសាយចិត្ត នឹងញញឹម ព្រោះបានមើលជាក់ច្បាស់យល់ពីអត្ថន័យនៃផ្ទាំងគំនូរ។

គំនូរស្ដីពី មេឃនិងដី
រូបភាព៖ ផ្ដល់ឱ្យ

លោកប្រាប់ឱ្យដឹងទៀតថា នៅក្នុងទិវាវប្បធម៌អាស៊ី-អឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ២២ វិច្ឆិកា ខាងមុខនេះ លោកនឹងតាំងស្នាដៃជាមួយគំនូរមួយផ្ទាំងឈ្មោះថា«មេឃនិងដី» ដែលនិយាយពីទំនាក់ទំនងក្នុងពិភពលោក។ លោកពិតជាសប្បាយចិត្តណាស់ ដែលបានតាំងបង្ហាញស្នាដៃរបស់ខ្លួននៅសារមន្ទីរជាតិ ដើម្បីផ្លាស់ប្ដូរគំនិតពីសិល្បករផ្សេងទៀត ពិសេសគឺបង្កើតទំនាក់ទំនងដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍នានា។

ទន្ទឹមនឹងនេះ តាមរយៈស្នាដៃគំនូររបស់លោក លោក៏បានដាក់ដេញថ្លៃស្នាដៃគំនូរផ្សេងៗទៀត ដើម្បីយកថវិការបរិច្ចាគឱ្យកុមារកំព្រា និងស្រ្តីមេម៉ាយជាតិ-អន្តរជាតិ ចំនួន៧ម៉ឺនដុល្លារ និងបានតាំងនៅក្នុងសារមន្ទីរមួយចំនួនផងដែរ។

គំនូររបស់សិល្បករទសវត្ស៦០ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង