Cctimesw1140xh150cm copy

វិចិត្រករ និងអាជីវករផ្នែកសិល្បៈគំនូរ រំពឹងត្រឡប់រកការងារចាស់ បន្ទាប់វិស័យទេសចរណ៍ដំណើរការវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ហាងគំនូរដែលតាំងស្នាដៃលក់ដល់ភ្ញៀវជាតិ និងអន្តរជាតិ

ភ្នំពេញ៖ ការបិទខ្ទប់ដោយសារតែការផ្ទុះឡើងនៃមេរោគ កូវីដ-១៩ បានបង្ខំឱ្យមនុស្សជាច្រើន ចាប់យកការងារថ្មីដែលមិនមែនជាទេពកោសល្យដើម្បីជីវភាពរស់នៅរបស់ពួកគេ។ សិល្បករ និងអាជីវករសិល្បៈមួយចំនួនបានសម្តែងក្តីសង្ឃឹមថា ជីវិតពួកគេនឹងវិលទៅរកស្ថានភាពដូចពីមុន បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកដំណើរការឧស្សាហកម្មទេសចរណ៍ឡើងវិញក្រោយផ្អាកអស់រយៈពេលជិត២ឆ្នាំ។

បើតាមកញ្ញា យ៉ង លីតា ជាវិចិត្រករ និងជាមម្ចាស់ហាងលក់សិល្បៈគំនូរមួយកន្លែងក្នុងខេត្តសៀមរាបបានឱ្យដឹងថា ការលក់ដូររបស់ខ្លួនបានបាត់បង់ចំណូលស្ទើរតែទាំងស្រុងនៅពេលដែលមានការផ្ទុះឡើងនៃ Covid-១៩ សម្រាប់អតិថិជនវិញក៏លែងគាំទ្រផងដែរ។

ម្ចាស់ហាងរូបនេះបានឱ្យដឹងទៀតថា អតិថិជនចាស់ដែលលក់តាមផ្សារ ឬ ប្រាសាទនានា ក៏ឈប់កម៉្មង់ គឺបាត់ស្ទើរតែទាំងស្រុងតែម្តង ហើយទាំងអស់នេះគឺបណ្តាលមកពី Covid-១៩។

កញ្ញាបានឱ្យថ្លែងថា៖«ដោយសារតែបញ្ហានេះហើយ ទើបហាងរបស់ខ្ញុំកាត់បន្ថយចំនួនបុគ្គលិក និងបន្តកម៉្មង់គំនូរពីជាងគំនូរដែលជិតស្និទ្ធតែប៉ុណ្ណោះ។ ដូច្នេះជាងគំនូរផ្សេងៗក៏ត្រូវបង្ខំចិត្តផ្សាស់ប្តូរការងារពីជាងគំនូរ ទៅជា កសិករ ធ្វើការតាមរោងចក្រ ឬ ធ្វើការងារជាកម្មករសំណង់ជាដើម»។

លោកសៀប ខន ជាជាងគំនូរនៅខេត្តសៀមរាប 

ចំណែកលោកសៀប ខន ជាជាងគំនូរ ក៏បានរាបរាប់ដែរថា រូបខ្លួនបានជួបការលំបាកច្រើនចាប់តាំងពីមានការរីករាលដាល Covid មក។ អ្នកទេសចរណ៍ក៏ថយចុះ ផ្សារក៏បិទ ហើយក៏បាត់បង់ការងារ តាំងពីមានការរីករាលដាលជំងឺនេះ។

ជាងគំនូររូបនេះលើកឡើងថា៖«ពេលនោះខ្ញុំរកការងារអ្វីក៏មិនបាន សូម្បីចិញ្ចឹមសត្វក៏មិនបានផល គិតអស់ជាច្រើនថ្ងៃ ខ្ញុំក៏សម្រេចចិត្តធ្វើការជាកម្មករសំណង់ ទាំងខ្ញុំគ្មានបទពិសោធន៍។ ពេលដែរទៅធ្វើជាកម្មករសំណង់ លុះត្រាតែមានគេចង្អុលប្រាប់ទើបខ្ញុំអាចធ្វើបាន។ ចឹងពេលនោះខ្ញុំពិតជាពិបាកខ្លាំងបំផុត»។

ដោយឡែកលោក ហ៊ាន ភារម្យ ជាជាងគំនូរមួយរូប ក៏បានអះអាងដែរថា កាលពីមុនលោកគឺជាជាងគូរគំនូរប្រភេទគំនូរទឹកនៅតាមតំបន់ទេសចរណ៍ប្រសាទបុរាណខ្មែរ ហើយរយៈពេល២ឆ្នាំមកនេះរូបលោកមិនដែលធ្វើការនោះទៀតទេ។ បច្ចប្បន្នលោកមកជួយប្រពន្ធលោកលក់អាហារពេលព្រឹកតិចតួចនៅផ្ទះជំនួសវិញ។

យ៉ាងណាមិញ កញ្ញាយ៉ង ឡីតា ដែលជាម្ចាស់ហាងលក់គំនូរ ក៏បានបញ្ជាក់ដែរថា សម្រាប់ការបើកទេសចរណ៍សម្រាប់អ្នកបានចាក់វ៉ាក់សាំងនេះ រូបខ្លួនសង្ឃឹមថាហាងរបស់កញ្ញានឹងមានភ្ញៀវត្រឹមតែ៧០% តែប៉ុណ្ណោះ ព្រោះតែមិនដឹងថានឹងមានបញ្ហាអ្វីកើតឡើងនូវពេលខាងមុខនោះទេ។ តែកញ្ញាក៏បានត្រៀមរួចជាស្រេចសម្រាប់ក្រុមការងារដើម្បីគូរគំនូរថ្មីៗសម្រាប់តាំងលក់ ជាបណ្តោះអាសន្ន ទោះមិនសូវមានការគាំទ្រច្រើន ក៏សង្ឃឹមថានឹងលក់បានខ្លះៗសម្រាប់ការរស់នៅប្រចាំថ្ងៃ។

មិនខុសគ្នាប៉ុន្មានទេ លោក សៀប ខន ក៏លើកឡើងស្រដៀងលគ្នាថា រូបលោកមិនទាន់មានសង្ឃឹមថាអ្វីៗនឹងត្រលប់មកល្អដូចដើមនោះទេនៅពេលនេះ ព្រោះថាអាចនឹងមានការប្រែប្រួលនាពេលខាងមុខ ប៉ុន្តែលោកសប្បាយចិត្តណាស់ពេលទទួលបានដំណឹងល្អនេះ ដែលរាជរដ្ឋាភិបាលនឹងដាក់អោយដំណើរការវិស័យទេសចរណ៍សារជាថ្មី។ ដូច្នោះរូបលោក និងអ្នកប្រកបរបរផ្សេងៗនឹងអាចត្រលប់មកធ្វើការដូចពីមុនវិញ ហើយនឹងមានជីវភាពល្អប្រសើរដូចមុន។

សូមជម្រាបជូនថា ប្រមុខដឹកនាំកម្ពុជាសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២១តទៅ បន្ទាប់ពីអាក់ខានដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង