ភ្នំពេញ៖ ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ ដើម្បីអបអរសាទរ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
បើតាមឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍ បានមានប្រសាសន៍ថាព្រឹត្តិការណ៍សិល្បៈនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃ២៨ វិច្ឆិកា ហើយក្រៅពីមានការសម្តែងនូវទស្សនីយភាពសិល្បៈចម្រុះទាំងបុរាណនិងសម័យ គឺមានការសម្តែង ល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលសហគមន៍វត្តស្វាយតំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានទទួល ស្គាល់ដោយអង្គការ UNESCO អស់រយៈពេល៣ឆ្នាំកន្លងទៅ ក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ។
ឯកឧត្តម បន្តថាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ ក្រសួងវប្បធម៌ ដើម្បីឱ្យពិភពលោកនឹងបានឃើញពីតម្លៃល្ខោន ខោលកម្ពុជាដែលជាតម្លៃនៃមនុស្សជាតិ ហើយនេះក៏ជាបំណងដែលយើងគ្រប់គ្នាចង់បាន។ ឯកឧត្តម ក៏បាន អំពាវនាវឱ្យប្រជាជនខ្មែរជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែខ្លាំងខ្លាបន្ថែមទៀត ដើម្បីថែរក្សា សម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលដូនតាខ្មែរយើងបន្សល់ទុកឱ្យនៅបានយូរអង្វែងទៅមុខទៀត។
ដោយឡែក ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារអចិន្រ្តៃយ៍ទទួលបន្ទុករៀបចំព្រឹត្តិការណ៍និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំព្រឹត្តិការណ៍ និងសិល្បទស្សនីយភាព បានបញ្ជាក់បន្ថែមទៀតថា នេះជាលើកទី២ហើយដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិ្កការណ៍ នេះឡើងបន្ទាប់ពីបានរៀបចំនូវព្រឹត្តិការណ៍រាត្រីចងចាំលើកទី១ នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានអ្នកចូលរួមទស្សនាដោយផ្ទាល់ប្រមាណជាង២ម៉ឺននាក់។
សូមជម្រាបជូនថាថា ព្រឹត្តិការណ៍នេះ គឺមានសិល្បករ សិល្បការិនី នាដកា តន្រ្តីករ និងតារាសម្តែងល្បី សរុបប្រមាណេជិត២០០នាក់ បានស្ម័គ្រចិត្តចូលរួមសម្តែង ដោយបង្ហាញពីការពេញចិត្ត និងក្តីស្រលាញ់ពីបេះដូង ដែលការណ៍នេះ បង្ហាញពីឆន្ទ:នៃយុវជនប្រតិបត្តិវិស័យ ដើម្បីរួមគ្នាលើកស្ទួយមរតកវប្បធម៌ជាតិ៕