
ភ្នំពេញ៖សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី ១២ វិច្ឆិកានេះ បានសម្រេចតម្កល់ការផ្ដន្ទាទោស ប៉ុន្តែព្យួរទោស លោក រ៉ុង ឈុន កញ្ញា ស កន្និកា និងលោក តុន និមល ។ អ្នកទាំងបី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទញុះញង់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដោយសារការអនុវត្តសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកទាំងនោះ ។
សាលាឧទ្ធរណ៍ បានសម្រេចឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល ១៥ ខែ និង១១ថ្ងៃ នៃទោសពន្ធនាគារសរុប ២៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ ។ កញ្ញា កន្និកា ត្រូវបានសាលាឧទ្ធរណ៍សម្រេចឱ្យជាប់ពន្ធនាគារចំនួន ១៥ ខែ និង ៥ថ្ងៃ នៃទោសសរុបចំនួន ២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ ។ រីឯលោក និមល ត្រូវបានសាលាឧទ្ធរណ៍សម្រេចឱ្យជាប់ពន្ធនាគារចំនួន ១៤ ខែ និង ២៤ ថ្ងៃនៃទោសសរុបចំនួន ២០ ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ ។
លោក រ៉ុង ឈុន និងកញ្ញា ស កន្និកា បានជាប់ពន្ធនាគារអស់រយៈពេលជាង ១៥ខែ មកហើយ រីឯលោក តុន និមល បានជាប់ពន្ធនាគារអស់រយៈពេលជាង ១២ខែ ។ ក្រៅពីនេះ អ្នកទាំងបីក៏ត្រូវបានសាលាឧទ្ធរណ៍ បានសម្រេចព្យួរទោសសាកល្បងចំនួន ៣ឆ្នាំ ផងដែរ ក្រោយពេលដោះលែង ដោយតម្រូវឱ្យអ្នកទាំងបី គោរពនូវវិធានការដ៏តឹងរ៉ឹងជាច្រើន ដូចជាមិនអាចទាក់ទងជាមួយគ្នា ហើយត្រូវរាយការណ៍ជូនព្រះរាជអាជ្ញានៅពេលអ្នកទាំងបីផ្លាស់ប្តូរទីលំនៅ ឬការងារ យោងតាមមាត្រា ១១៩ និង ១២០ នៃក្រមព្រហ្មទណ្ឌ ។
សាលាឧទ្ធរណ៍ក៏សម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង ដែលឱ្យសកម្មជនទាំង៣នាក់ បង់ប្រាក់ពិន័យម្នាក់ៗចំនួន ២លានរៀល (៥០០ដុល្លារ) និងបង្គាប់ឱ្យអ្នកទាំង៣នាក់ សងសំណងជំងឺចិត្តរួមចំនួន ៤០០លានរៀល (១០០.០០០ ដុល្លារ) សម្រាប់ការខូចខាតផ្សេងៗ ដែលការពិន័យទាំងពីរនេះ គឺជាការពិន័យដែលមានទឹកប្រាក់ច្រើនហួសហេតុ ។
លោក រ៉ុង ឈុន ដែលជាប្រធានសហជីព និងជាសកម្មជនការពារសិទ្ធិការងារ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២០ ជុំវិញការអត្ថាធិប្បាយរបស់លោកទាក់ទងនឹងបញ្ហាព្រំដែនប្រទេសកម្ពុជា-វៀតណាម ក្រោយពេលដែលលោក បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ កញ្ញា កន្និកា និងលោក និមល ត្រូវបានចាប់ខ្លួន អំឡុងពេលតវ៉ាដោយអហិង្សា កាលពីខែសីហា និងកញ្ញា ឆ្នាំ២០២០ ដើម្បីអំពាវនាវឱ្យមានការដោះលែងលោក រ៉ុង ឈុន៕