ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ប្រកាសបើកដំណើរការបង្រៀន និងរៀនដោយផ្ទាល់ឡើងវិញ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល និងគោលការណ៍ប្រតិបត្តិស្តង់ដារ។
បើតាមក្រសួងធម្មការ និងសាសនា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានឱ្យដឹងថា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ អនុញ្ញាតឱ្យគ្រឹះស្ថានពុទ្ធិកសិក្សាគ្រប់កម្រិតបើកដំណើរការ បង្រៀន និងរៀនដោយផ្ទាល់ឡើងវិញ ចាប់ពីថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។
ក្នុងការបើកដំណើរការឡើងវិញនេះ នឹងគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល និងគោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើរការពុទ្ធិកសិក្សាឡើងវិញ ក្នុងបរិបទជំងឺកូវីដ-១៩ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតជាធរមាន ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ សាកលវិទ្យាធិការ ព្រះប្រធានសាខា គណៈគ្រប់គ្រងគ្រឹះស្ថានពុទ្ធិកសិក្សា និងប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី ខេត្តមេត្តាពិនិត្យរៀបចំ និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ប្រកបដោយការទទួលខុសត្រូវ។