Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រសួងយុត្តិធម៌៖ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរៀបចំឡើងដើម្បីការពារជីវិតពលរដ្ឋកម្ពុជាទាំងមូល

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី២២ មេសានេះ បានថ្លែងថា ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នគឺ ធ្វើឡើងមិនមែនដើម្បីរំលោភបំពានសិទ្ធិប្រជាពលរដ្ឋ ដូចការចោទប្រកាន់របស់ជនមួយចំនួនតូចនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញ ច្បាប់នេះរៀបចំឡើង គឺដើម្បីពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ ពង្រឹងនិតិរដ្ឋ សិទ្ធិមនុស្សនៅកម្ពុជា និង ការពារអាយុជីវិតប្រជាពលរដ្ឋទាំងមូល។ ការថ្លែងនេះធ្វើឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២០។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការពង្រឹងនិតិរដ្ឋ មានន័យថារៀបចំច្បាប់ឲ្យមានគ្រប់គ្រាន់ ហើយច្បាប់ត្រូវឆ្លើយតបនឹងកាលៈទេសៈ បរិបទនឹងសភាពការរបស់ប្រទេស ដូច្នេះគោលការណ៍និតិរដ្ឋចាំបាច់ត្រូវឲ្យយើងមានច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលច្បាប់នេះគួរតែមានតាំងពីឆ្នាំ ១៩៩៣។ ទោះបីជាមិនមានការចាំបាច់ក្នុងការប្រើប្រាស់ច្បាប់នេះ តែជាគោលការណ៍នៃច្បាប់គឺត្រូវតែមានច្បាប់ ព្រោះប្រសិនមានកាលៈទេសៈកើតឡើងនៅថ្ងៃអនាគត យើងមានឧបករណ៍គតិយុត្តិគ្រប់គ្រាន់។

លោក ជិន ម៉ាលីន បញ្ជាក់ថា ការរៀបចំច្បាប់ក្នុងការដាក់ប្រទេសក្នុងភាពមានអាសន្ននេះ គឺលុះត្រាតែចាំបាច់ ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ប៉ុន្តែបើកាលណារៀបចំច្បាប់នេះឡើង ហើយអនុវត្កច្បាប់នេះ គឺតែងតែមានការកំហិតនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមួយចំនួន ដែលជាយន្តការសត្យានុម័ត ដែលប្រទេសណាក៏អនុវត្តដែរ ច្បាប់ប្រកាសអាសន្នរបស់ប្រទេសណាក៏មានការរឹតត្បិតដែរ ដើម្បីប្រយោជន៍ជាសាធារណៈ ការពារអាយុជីវិតប្រជាពលរដ្ឋទាំងមូល។

គោលការណ៍ប្រជាធិបតេយ្យ គឺជាការអនុវត្តបែបប្រជាធិបតេយ្យ បែបសភានិយម គឺសភាដើរតួនាទីសំខាន់ ក្នុងការត្រួតពិនិត្យវិធានការរបស់រដ្ឋាភិបាលដែលបានដាក់ចេញក្នុងពេលដែលប្រទេសដាក់ក្នុងគ្រាអាសន្ន មិនមែនរដ្ឋាភិបាលចេះតែធ្វើអ្វីតាមចិត្តទេ ហើយអ្នកដែលប្រព្រឹត្តល្មើសទៅនឹងច្បាប់នេះ មិនមែនតែរូបវ័ន្តបុគ្គល និតិបុគ្គល ប្រជាពលរដ្ឋត្រូវទទួលទណ្ឌកម្មនោះទេ សូម្បីសមត្ថកិច្ចដែលអនុវត្តភារកិច្ចដោយបំពានខុសពីគោលបំណងនៃច្បាប់នេះ ក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចជាប្រជាពលរដ្ឋដែរ។

ចំណែកគោលការណ៍សិទ្ធិមនុស្ស ការរៀបចំច្បាប់នេះ គឺដើម្បីធានាសិទ្ធិមួយរបស់ប្រជាពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិដាច់ខាត ពីព្រោះកាលៈទេសៈនេះ គឺជាការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ដូច្នេះការរៀបចំច្បាប់នេះ គឺមានភាពចាំបាច់ដើម្បីសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលធានាបាននូវសិទិ្ធមូលដ្ឋាន សិទ្ធិចំបងរបស់ប្រជាពលរដ្ឋ ហើយប្រសិនបើរដ្ឋាភិបាលចង់រំលោភសិទ្ធិមនុស្ស ឬចង់រឹតត្បិតសិទ្ធិរបស់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់នោះ គឺមិនចាំបាច់មានច្បាប់នេះនោះទេ ព្រោះនៅពេលដែលគ្មានច្បាប់ រដ្ឋាភិបាលអាចធ្វើអ្វីបានគ្រប់យ៉ាង ប៉ុន្តែការរៀបចំច្បាប់នេះ គឺដើម្បីកំណត់នូវសិទ្ធិអំណាចរបស់រដ្ឋាភិបាល ដែលច្បាប់នេះសំដៅលើ អ្វីដែលរដ្ឋាភិបាលអាចធ្វើបាន អ្វីដែលរដ្ឋាភិបាលធ្វើមិនបាន ហើយត្រូវទទួលខុសត្រូវលើអ្វីខ្លះ។

សូមបញ្ជាក់ផងដែរថា យោងតាមការស្រាវជ្រាវតាមការអនុវត្តនៅតាមបណ្ដាប្រទេសនៅលើពិភពលោក មានជាង៧០ប្រទេសហើយ មានទាំងអឺរ៉ុប អាមេរិកខាងជើង អារ៉ាប់ អាហ្រ្វិក និង តំបន់អាស៊ី ដែលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង