ភ្នំពេញ៖ នៅថ្ងៃទី២នៃការពិនិត្យសុខភាពដល់កម្មករោងចក្រ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជា ធ្វើការត្រួតពិនិត្យសុខភាព ដល់កម្មកររោងចក្រចំនួន ១២២១ នាក់ ទើបត្រលប់ចូលធ្វើការវិញ ដោយក្នុងនោះមានកម្មករប្រមាន៧០នាក់ ត្រូវបានយកសំណាកទៅពិនិត្យ ដើម្បីស្វែងកូវីដ១៩។
លទ្ធផល ត្រួតពិនិត្យសុខភាព ដល់កម្មកររោងចក្រថ្ងៃទី២១ មេសាបានបង្ហាញថា ក្រសួងបានពិនិត្យលើកកម្មករប្រមាណបាន ១២២១នាក់ ក្នុងនោះដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃចំនួន១១៤៦នាក់ ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រឹត១ ចំនួន១៤នាក់ ដាក់ឲ្យស្នាក់នៅមណ្ឌចត្តាឡីស័កកម្រិត២ (វិទ្យាល័យជម្ពុវ័ន្ត)ចំនួន៦១នាក់។ក្នុងចំណោមនោះ តាមរយៈការត្រួតពិនិត្យនេះ ក្រសួងសុខាភិបាល បានយកសំណាកទៅពិសោធន៍បន្តចំនួន ៧០នាក់។
ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យធ្វើចត្តាឡីស៏កនៅផ្ទះចំនួន៥៨ នាក់ ក្នុងនោះចេញពីមណ្ឌលចត្តាឡីស័កកម្រឹត១ ចំនួន ៤០នាក់ និង កម្រឹត២ ចំនួន១៨នាក់។
សូមបញ្ជាក់ថា កម្មករ កម្មការិនីដែលធ្វើការក្នុងវិស័យកាត់ដេរ និង ដេរស្បែកជើងចំនួនជិត៣ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពី បន្ទាប់ពីទៅស្រុកកំណើតក្នុងអំឡុងបុណ្យចូលឆ្នាំផ្ទុយពីបម្រាបរបស់រដ្ឋាភិបាល។ នៅរាជធានីភ្នំពេញ មានកម្មករ កម្មការិនីប្រមាណជា១ម៉ឺន៥ពាន់នាក់ ត្រូវដាក់នៅដាច់ដោយឡែកពីគេ។ សម្រាប់រាជធានីភ្នំពេញ ក្រសួងការងារ និង អាជ្ញាធរពាក់ព័ន្ធបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង គឺនៅសួនឧស្សាហកម្មវឌ្ឍនៈ១ នៅសួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, សាលាបឋមសិក្សាភូមិឫស្សី និងនៅវិទ្យាល័យឫស្សីកែវ។