Cctimesw1140xh150cm copy

រដ្ឋសភាទទួលយក«ច្បាប់កែរដ្ឋធម្មនុញ្ញ»កំណត់ឱ្យថ្នាក់ដឹកនាំកំពូលជាតិមានសញ្ជាតិតែមួយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលានេះ

ភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលានេះ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ មួយចំនួន ក្នុងនោះក៏មានរបៀបវារៈមួយទាក់ទងនឹងសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានទទួលយក មកប្រគល់ឲ្យគណៈកម្មការជំនាញពិនិត្យសិក្សាផងដែរ។

ជាលទ្ធផល នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅពេលនេះ គឺអង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម។

បើតាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កែរដ្ឋធម្មនុញ្ញបន្ថែមកំណត់ឱ្យថ្នាក់ដឹកនាំកំពូលជាតិត្រូវមានសញ្ជាតិតែមួយ គឺសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ហើយសេចក្តីព្រាងច្បាប់នេះ បានប្រគល់ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។

គួរបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​កិច្ចប្រជុំ​គណៈរដ្ឋ​មន្រ្តីនៅព្រឹក​ថ្ងៃសុក្រនេះ ​បានសម្រេច​អនុម័ត​លើសេចក្តី​ព្រាងវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ដើម្បីបន្ថែម​កំណត់​ឱ្យថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់ជាតិ​មានសញ្ជាតិ​ខ្មែរតែមួយគត់​។​ ការកំណត់ឱ្យថ្នាក់ដឹកនាំកំពូលទាំង៤រូបនេះត្រូវមានសញ្ជាតិខ្មែរតែមួយ គឺដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះ​គោល​ជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ បានគូសបញ្ជាក់ថា​ សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ«អាច​ធ្វើទៅបាន» ​ដោយមិនប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​និង របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នោះឡើយ​ ហើយព្រះមហាក្សត្រក៏បានការឯកភាពចំពោះសេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង