
អង់គ្លេស៖សារព័ត៌មាន The Guardian របស់ប្រទេសអង់គ្លេស បានផ្ញើលិខិតមកអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយសម្តែងសោកស្តាយចំពោះកំហុសរបស់ខ្លួន និងបង្កឱ្យមានការបារម្ភដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្សាយថា សម្តេចបានទិញសញ្ជាតិពីប្រទេសស៉ីព្រ។
កាសែតអង់គ្លេសនេះ បានគូសបញ្ជាក់ថា កំហុសឆ្គងត្រូវបានរកឃើញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ។
សារព័ត៌មាន The Guardian បានសម្តែងការសោកស្តាយដោយបង្កឱ្យមានការបារម្ភដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត។
គួរបញ្ជាក់ថា ការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Guardian ត្រូវបានលោកសម រង្ស៊ី យកមកចុះផ្សាយបន្តតាមទំព័រហ្វេសប៊ុក ដោយបានចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ត្រូវបានរកឃើញថា បានទិញសញ្ជាតិពីប្រទេសស៉ីព្រ។
ក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជា បានចេញមកបដិសេធទាត់ចោលការចុះផ្សាយព័ត៌មាននេះ ដោយចាត់ទុកថា ជាការបំភ្លៃព័ត៌មានខុសពីការពិត។ ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យសារព័ត៌មានមួយនេះចុះផ្សាយកែតម្រូវឡើងវិញ។ហើយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសដាច់ណាត់ឱ្យមន្រ្តីរបស់លោកសិក្សារៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ ឬបង្កើតជាច្បាប់ថ្មី ដើម្បីដាក់កំណត់មិនឱ្យថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាមានសញ្ជាតិពីរជាដាច់ខាត។

