រុស្ស៊ី៖ សិក្ខាកាមយោធាកម្ពុជា៣រូបដែលកំពុងស្នាក់នៅ និង សិក្សានៅប្រទេសរុស្ស៉ីបានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យកាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីការិយាល័យអនុព័ន្ធយោធានៃស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៉ីនៅថ្ងៃទី១៩ ខែមេសា។
ការិយាល័យអនុព័ន្ធយោធានៃស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៉ី បានអះអាងថា មូលហេតុនៃការឆ្លងនេះ គឺដោយសារមានការឆ្លងពីបណ្តាសិក្ខាកាមយោធាជនបរទេសដទៃទៀតដែលសិក្សាជាមួយគ្នា និងស្នាក់នៅជាន់ជាមួយគ្នា។ បច្ចុប្បន្ន សិក្ខាកាមយោធា០៣រូបនោះ ត្រូវបានសាលាបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នៅប្រទេសរុស្ស៉ី និងកំពុងតាមដានសុខភាពបន្តទៀត។
បើតាមការិយាល័យអនុព័ន្ធយោធានៃស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៉ី ស្ថានភាពជំងឺរបស់សិក្ខាកាមយោធាកម្ពុជាទាំង៣រូបនោះ មិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារពួកគេបានរាយការណ៍ពីសុខភាព និងស្ថានភាពជំងឺរបស់ពួកគេទាំងអស់គ្នាប្រាប់ទៅដល់ពេទ្យ ដើម្បីពិនិត្យរកមេរោគកូវីដ១៩ ទាន់ពេល។
ចំណែក នៅព្រឹកថ្ងៃចន្ទនេះវិញ សម្តេចទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ក៏បានផ្តាំផ្ញើដល់និស្សិតដែលសិក្សានៅក្រៅប្រទេសឱ្យមានប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩។ សម្តេចទៀ បាញ់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖«សូមក្មួយៗ សិស្ស និស្សិត ដែលកំពុងសិក្សានៅតាមបណ្តាប្រទេសនានា ថែទាំសុខភាព អនាម័យឱ្យបានល្អ និងរក្សាគម្លាតសង្គម(Social Distancing) ព្រមទាំងអនុវត្តនូវវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ក្នុងគ្រាដែលមានការរីករាលដាលនៃមេរោគ COVID-19»៕