ភ្នំពេញ៖ ប្រទេសទីម័រខាងកើត បានស្នើសុំឱ្យកម្ពុជានាំអង្ករចេញទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតអង្ករ ដោយសារជំងឺកូវីដ១៩។ការស្នើនេះ ធ្វើឡើងនៅកិច្ចពិភាក្សារវាង សហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក.) ជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និង អគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម។
ជាការឆ្លើយតបទៅនឹងសំណើរនាំចេញអង្ករកម្ពុជាទៅទីម័រខាងកើតនេះ ភាគីកម្ពុជាបានស្នើសុំឲ្យភាគីទីម័រខាងកើត បញ្ជូនលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស ដោយបញ្ជាក់លើបរិមាណ រយៈពេលនៃការផ្គត់ផ្គង់ និងលក្ខខណ្ឌផ្សេងៗនៃការផ្គត់ផ្គង់ ដូចជាការវេចខ្ចប់ ការដឹកជញ្ជូន និងប្រភេទអង្ករ ដែលត្រូវការជាដើម។ ហើយភាគីកម្ពុជានឹងរង់ចាំសហការ និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលជានិច្ច។