
ភ្នំពេញ៖ សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជាដែលមានឈ្មោះថា “ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ “H.R 4686” ត្រូវបានរដ្ឋសភាសហរដ្ឋអាមេរិកអនុម័តជាផ្លូវការកាលពីថ្ងៃទី ២៨ កញ្ញា ដើម្បីដាក់ទណ្ឌកម្មជនរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេចក្តីស្នើច្បាប់នេះជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ និង ជាស្នូលនៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសម្តែងការសោកស្ដាយមួយដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា “ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ “H.R 4686” ផ្ដោតលើការទាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាមួយចំនួនត្រូវបានអនុម័ត។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអនុម័តនេះ គឺជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែង ខណៈដែលប្រទេសកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងនូវរបបនីតិរដ្ឋ ជាកិច្ចប្ដេជ្ញារបស់ខ្លួន ដើម្បីសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។
បើតាមអ្នកនាំពាក្យរូបនេះ ជឿជាក់ថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិននោះទេ។មិនអាចដ្បិតរដ្ឋាភិបាលអាមេរិក តំណាងដោយលោកជំទាវ Wendy Sherman អនុរដ្ឋមន្រ្ដីការបរទេស ទើបបានមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនា បង្ហាញយ៉ាងជាក់ស្ដែងនូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ដូចនេះ សេចក្ដីស្នើច្បាប់នេះ ជាស្នូលនៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទោះបីក្នុងបរិបទទេ្វភាគី ក៏ដូចជាពហុភាគី នៅក្នុងតំបន់អាស៊ាន ដែលជារឿងគួរសោកស្ដាយបំផុត។
គួរបញ្ជាក់ថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» ដែលរៀបចំឡើងដោយសមាជិកសភាអាមេរិក២រូបមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ត្រូវបានត្រូវបានរដ្ឋសភាសហរដ្ឋអាមេរិកអនុម័តជាផ្លូវការកាលពីថ្ងៃទី ២៨ កញ្ញា ដើម្បីដាក់ទណ្ឌកម្មជនរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែសេចក្តីស្នើច្បាប់នេះត្រូវឆ្លងកាត់ព្រឹទ្ធសភាមួយដំណាក់កាលទៀត មុននឹងទៅដល់លោកប្រធានាធិបតីដើម្បីចុះហត្ថលេខាក្លាយជាច្បាប់។កន្លងទៅ សេចក្តីព្រាងច្បាប់នេះត្រូវជាប់គាំងកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំ៕