
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនចំពោះប្រទេសហុងគ្រី ដោយបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហុងគ្រី ក្នុងវិស័យផ្សេងៗ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី សម្តេចបានឱ្យដឹងថា ទំនាក់ទំនងមិត្តភាពកម្ពុជា និងហុងគ្រី គឺផ្អែកលើការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។
សម្តេចមានប្រសាសន៍ទៀតថា ប្រទេសទាំងពីរមានការយល់ឃើញរួមចំពោះបញ្ហាប្រឈមដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ និងតែងបានផ្តល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាផ្សេងៗ ហើយកន្លងមកថ្មីៗ ការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសបញ្ជាក់ឱ្យឃើញអំពីសញ្ញាណនៃការជឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក ដែលពិតជាបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ទន្ទឹមនឹងនេះ សម្តេចក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសហុងគ្រី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យផ្សេងៗ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនកម្ពុជា-ហុងគ្រី៕