
ភ្នំពេញ៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្នើសុំឱ្យតុលាការ ពិចារណាបញ្ឈប់ដីការចាប់ខ្លួន លោក សេង សារី ដែលបានផ្ដល់បទសម្ភាសជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញាកន្លងទៅ។
បើយោងតាមខ្លឹមសារ ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើទំព័តហ្វេសប៊ុកផ្លូវការ បានឱ្យដឹងថា ក្រោយពីសម្ដេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការ សម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការ វិភាគអំពីសេនារីយោ ៦ ចំណុច គឺមានលក្ខណៈសមហេតុផល។
សម្ដេចថ្លែងថា កិច្ចសម្ភាសជាមួយកាសែត The Cambodia Daily គឺ«ជាការវិភាគបែបសេនារីយោ» ដែលការបកស្រាយនេះមានលក្ខណះសមហេតុផល និងអាចទទួលយកបាន។
សម្ដេចបន្តថា ក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា សម្ដេចសូមអំពាវនាវឱ្យស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។
ទន្ទឹមនិងនេះ សម្ដេចក៏បានលើកទឹកចិត្តអោយលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ហើយអំពាវនាវអោយភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ។