
(រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
ហ្សឺណែវ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ UN បានប្រាប់ទៅគណៈប្រតិភូបារាំង និង អាមេរិកថាកុំយក«សិទ្ធិមនុស្ស»មកធ្វើនយោបាយវាយប្រហារប្រទេសដទៃ។ការឆ្លើយតបយ៉ាងដូច្នេះ ក្រោយពីគណៈប្រតិភូនៃប្រទេសទាំងពីរបានរិះគន់មកកាន់កម្ពុជា។
ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ UN បានធ្វើការឆ្លើយតបចំពោះការរិះគន់មកលើកម្ពុជា នៅក្នុង “កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២” នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ។
មុននឹងធ្វើការឆ្លើយតបឯកឧត្តម បានចោទជាសំណួរមួយចំនួនទៅកាន់គណៈប្រតិភូទាំងពីវិញដែរ ព្រោះជាការចោទប្រកាន់មួយដែលគ្មានទិន្នន័យ ឬភស្តុតាងជាក់លាក់, ហាក់បីដូចជាមិនមានភាពសុក្រឹត្យ និងមិនមានភាពសមាមាត្រនៅពេលគណៈប្រតិភូទាំងពីរបំប៉ោងសិទ្ធិពលរដ្ឋនិងនយោបាយ ឱ្យសំខាន់លើសលុបជាងសិទ្ធិផ្សេងទៀត។
បើតាមឯកឧត្តម អាន សុខខឿន បានលើកឡើងថា ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ លោកក៏បានបង្ហាញពីការសោកស្តាយដែរថា ប្រទេសមួយដែលតាំងខ្លួនតស៊ូមតិដើម្បីសិទ្ធិមនុស្ស ត្រូវបានគេរាយការណ៍ថា បានផ្តន្ទាទោសមនុស្សជាង៤ម៉ឺននាក់ ក្នុងឆ្នាំ២០១៨និង២០១៩ ក្រោមបទចោទ “ប្រមាថមន្រ្តីសាធារណៈ” “ការចូលរួមជាមួយក្រុមដែលមានគោលបំណងប្រព្រឹត្តអំពើហិង្សា” និង “ការរៀបចំបាតុកម្មដែលពុំគោរពតាមលក្ខខណ្ឌជូនដំណឹងជាមុន “។
ឯកឧត្តម អាន សុខខឿន ថ្លែងថា "ការលើកតម្កើងសិទ្ធិនិងសេរីភាពជាមូលដ្ឋាន គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ។ ប្រទេសនីមួយៗត្រូវមានសិទ្ធិជ្រើសរើសមាគ៌ា និងអាទិភាពរបស់ខ្លួន ឆ្ពោះទៅគោលដៅនោះ។ "
សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធនយោបាយវាយប្រហារប្រទេសដទៃ ដោយមានស្តង់ដារពីរទ្បើយ ដូចដែលឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានសង្កត់ធ្ងន់ នាពេលកន្លងមក ប្រសិនបើយើងទាំងអស់គ្នាចង់រក្សាបាននូវសុចរិតភាពនិងភាពអាចជឿទុកចិត្តបានខ្ពស់បំផុត របស់ស្ថាប័នសិទ្ធិមនុស្សដ៏ឧត្តុងឧត្តមមួយនេះ។ នេះជាមតិរបស់តំណាងអចិន្ត្រៃយ៍កម្ពុជានៅUN៕