ភ្នំពេញ៖ មេដឹកនាំអាស៊ាន នៅថ្ងៃទី១៤ មេសានេះ បានបើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conference។ក្រៅពីការជួបប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ានហើយនោះ មេដឹកនាំអាស៊ានទាំង១០ ក៏នឹងអញ្ជើញប្រជុំកំពូលពិសេសជាមួយ មេដឹកនាំដឹកនាំដៃគូអាស៊ាន៣ផ្សេងទៀត រួមមាន៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលអាស៊ានបូក៣នេះ ក៏នឹងជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ផងដែរ។
សម្រាប់កម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងថ្លែងសុន្ទរកថាដ៏មានសារសំខាន់ចំនួន០២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃកូវីដ១៩នេះ។