Cctimesw1140xh150cm copy

កម្ពុជាត្រៀមខ្លួនចូលរួមជាមួយរដ្ឋសមាជិកអាស៊ានដើម្បីជួយមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ប្រាក់ សុខុន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៩ មីនានេះ បានមកប្រកាសជំហរបស់ខ្លួនចំពោះបញ្ហាអំពើហិង្សានៅមីយ៉ាន់ម៉ា។ក្នុងនាមជាសមាជិកអាស៊ានកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូល កំពុងតាមដានយ៉ាងជិតដិតនូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស។

ដោយគោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន កម្ពុជាបានគាំទ្រ «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវត្តនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា» ដែលបានចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» ចេញនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានធ្វើឡើងក្នុងបំណងដ៏ស្មោះត្រង់ ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន ពោលគឺតាមមាគ៌ាអាស៊ាន របស់យើង ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ក្នុងស្មារតីនេះ កម្ពុជាក៏គាំទ្រផងដែរដល់ ការជួយសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា។

គួរបញ្ជាក់ថា គិត​តាំងពីផ្ទុះ​​ព្រឹត្តិការណ៍​​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​ អ៊ុងស៊ាន ស៊ូជី​មក បាតុចុះផ្លូវធ្វើបាតុកម្មរបស់ប្រជាជនមីយ៉ាន់ម៉ាបានកើនឡើងជាបន្តបន្ទាប់បង្ករជាអំពើហិង្សា​ មានអ្នក​ទទួល​ខុស​ត្រូវ​តាម​មូលដ្ឋាន អ្នកកាសែត សកម្មជន​ប្រជាធិបតេយ្យ សិល្បករ ជា​ច្រើន​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។ ​បាតុករ​យ៉ាង​ហោច​៥០​នាក់​បាន​ស្លាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង