ភ្នំពេញ៖ ក្រសួងកសិកម្មនឹងបើកកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃបណ្តាប្រទេសអាស៊ាន ប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និងប្រទេសឥណ្ឌា។ នេះបើតាមការសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម។
ដោយទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ គឺ ១) កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ២) កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និង៣) កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃបណ្តាប្រទេស អាស៊ាន ប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និងប្រទេសឥណ្ឌា នឹងអនុម័តលើឯកសារមួយចំនួនដើម្បី អនុវត្តក្នុងគោលដៅលើកកំពស់ប្រព័ន្ធសិវត្ថភាពចំណីអាហារ ជំរុញពាណិជ្ជកម្មលើផលិតផលកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវិដ១៩ជាដើម៕