Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-កូរ៉េខាងត្បូងគ្រោងចុះ«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»រួមគ្នាដើមខែតុលាខាងមុខនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ធុង អើយម៉ុង រដ្ឋមន្ត្រីការបទេសនៃសាធារណរដ្ឋកូរ៉េ

(រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

ភ្នំពេញ៖ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង គ្រោងនឹងចុះហត្ថលេខារួមគ្នាលើ«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណកូរ៉េ (CKFTA)» នៅដើមខែតុលាខាងមុខនេះ។គម្រោងនេះត្រូវបានប្រកាសធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ធុង អើយម៉ុង រដ្ឋមន្ត្រីការបទេសនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ៨ កញ្ញា។

កម្ពុជានឹងកូរ៉េខាងត្បូងយល់ឃើញដូចគ្នាថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណកូរ៉េ (CKFTA)»នេះនឹងជួយជំរុញពាណិជ្ជកម្ម និង ការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើងវិញនៅក្រោយវិបត្តិកូវីដ-១៩ ។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២០ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូតសម្រេចបានជាង៨៨៥លានដុល្លារអាមេរិក ពោលគឺមានការថយចុះប្រមាណ ១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ ដែលមានទំហំប្រមាណ១ពាន់លានដុល្លារ។ នេះបើយងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េនៅដើមឆ្នាំ២០២១នេះ។

កម្ពុជានិងកូរ៉េរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគ្រោងចុះផ្លូវការនៅខែតុលានេះ នឹងនាំឱ្យពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមកសំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។ លើសពីនេះ ប្រទេសទាំងពីរជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ អាចជួយស្តារឡើងវិញនូវសេដ្ឋកិច្ចបានឆាប់រហ័ស ក្នុងអំឡុងពេល និងក្រោយពេលវិបត្តិកូវីដ១៩។

បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជាគឺជាគោលដៅនាំចេញទី៦០របស់កូរ៉េខាងត្បូង ដែលមានទំនិញសំខាន់ៗ ដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯ កម្ពុជាវិញ បាននាំទំនិញទៅកូរ៉េខាងត្បូង ភាគច្រើន គឺជាសម្លៀកបំពាក់ និងផលិតផលស្បែកជើង កាបូប ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង