Cc times  web banner kh

ក្រសួងបរិស្ថានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ហ្វូងសត្វត្មាតកំពុងចឹកចំណី។ 
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនៅថ្ងៃទី៤ ខែកញ្ញា ខាងមុខនេះ ដើម្បីលើកកម្ពស់ការយល់ដឹងសត្វត្មាតតាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិរក្សសត្វត្មាតនិងផលប៉ះពាល់ពីការបំពុលសត្វត្មាត។

បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ជឿជាក់ថា ការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀតពីសំណាក់សាធារណជនក្នុងការការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានអះអាងថា ពិភពលោកទាំងមូលបានប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីអេកូឡូស៊ីរបស់សត្វត្មាត ស្ថានភាពនិងការគំរាមកំហែងនានាទៅលើសត្វត្មាត ព្រមទាំងអំពាវនាវឱ្យមានការចូលរួមក្នុងកិច្ចការពារសត្វត្មាតដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជ។ ខណៈឆ្នាំ២០២១ នេះគឺជាលើកទី៦ ហើយដែលកម្ពុជាបានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។

ក្រសួងបរិស្ថាន និងស្ថាប័នព្រមទាំងអង្គការដៃនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា បានធ្វើការផ្សព្វផ្សាយនូវសារនិងរូបភាពទាក់ទងនឹងសត្វត្មាត នៅតាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំសិក្ខាសាលាដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្ចត្មាត ការអភិរក្ស និងជំរុញឱ្យមានការចូលរួមបន្ថែមពីសាធារណជន។

សូមជម្រាបជូនថា កម្ពុជាត្រូវបានគេដឹងថា មានសត្វត្មាតចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិដោយក្រុមការងារអភិរក្សសត្វត្មាត កម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។

បើតាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាតទាំងបីប្រភេទមានចន្លោះពី ១២០ ទៅ ១៤០ ក្បាល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង