Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

«សត្វក្រៀល» ប្រភេទសត្វកម្រនៅកម្ពុជា មានការធ្លាក់ចុះ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ។
រូបភាព៖ ក្រុមការងារ  

ភ្នំពេញ៖ សត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះ ខណៈនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដោយសារតែអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាបង្កកំណើតមានកម្រិតទាបនៅឡើយ។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត។

យោងតាមជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ សត្វក្រៀលចំនួន ១៩៤ ក្បាលត្រូវបានកត់ត្រានៅប្រមាណ ១០ទីតាំងខុសៗគ្នានៅក្នុងប្រទេសកម្ពុជា។ ការជំរឿននេះ ធ្វើឡើងនៅរាល់ខែធ្នូ ដល់ខែឧសភា នៃឆ្នាំនីមួយៗ ដើម្បីអាចប៉ាន់ស្មាន និងពិនិត្យតាមដានពីចំនួនសត្វក្រៀលថាតើវាកើនឡើង ឬថយចុះ និងដើម្បីរៀបចំយន្តការ និងផែនការការពារនិងអភិរក្សបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា យោងតាមទិន្នន័យសិក្សាដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មានចំនួនចន្លោះពី ១៣.០០០ ទៅ១៥.០០០ ក្បាលដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា។

សត្វក្រៀល ដែលថតបាននៅតំបន់ធម្មជាតិមួយចំនួនក្នុងប្រទេសកម្ពុជា។

រូបភាព៖ ក្រសួងបរិស្ថាន 

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីកត្តាគំរាមកំហែងចំពោះសត្វក្រៀលដោយបានពន្យល់ថា៖

«ចំនួនសត្វក្រៀលត្រូវបានធ្លាក់ចុះយ៉ាងច្រើននាប៉ុន្មានឆ្នាំកន្លងមកនេះដោយសារតែអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាបង្កកំណើតមានកម្រិតទាបនៅឡើយ។ ការធ្លាក់ចុះចំនួនសត្វក្រៀលនៅទូទាំងពិភពលោកនេះគឺបណ្ដាលមកពីកត្តាគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ ដូចជាការបាត់បង់តំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់របស់សត្វក្រៀល ការរំខាន់នៅតំបន់ពងកូន ដែលនាំឱ្យអាត្រាបង្កកំណើតទាប ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវវត្តមានចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង ការយកស៊ុត ឬកូនសត្វក្រៀលពីសំបុកដើម្បីចញ្ចឹម ឬជួញដូរ ការសម្លាប់ដោយសត្វឆ្កែខាំ និងការប្រែប្រួលអាកាសធាតុជាដើម»។

ទាក់ទងនឹងទីជម្រកសត្វក្រៀលនៅកម្ពុជា លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារនិងអភិរក្សធម្មជាតិ បានឱ្យដឹងថា ចំនួនសត្វក្រៀលប្រហែលពាក់កណ្ដាលធ្វើការផ្លាស់ទីទៅតំបន់នានានៃអាងទន្លេសាប ដោយរាប់បញ្ចូលទាំងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ហើយចំនួនសត្វក្រៀលប្រហែលពាក់កណ្ដាលទៀតធ្វើការផ្លាស់ទីទៅតំបន់ដីសណ្ដរទន្លេមេគង្គនៃប្រទេសកម្ពុជា និងវៀតណាម។ តំបន់ដីសណ្ដរទន្លេមេគង្គ នៃប្រទេសកម្ពុជារួមមានតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។

សូមជម្រាបជូនថា សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន។ ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរ ឬក្រាបស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។សត្វក្រៀលត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជី ក្រហម IUCN៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង