
ភ្នំពេញ៖ ឯកឧត្តម ស សុខា កូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមកបញ្ជាក់ជាថ្មីថា វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ។ការប្រកាសនេះ ធ្វើឡើងក្រោយមានអ្នកនយោបាយមួយចំនួនចោទថា វត្តមានសម្តេច ស ខេង ទៅប្រទេសបារាំង ដើម្បីជួយក្រុមប្រឆាំង។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា វត្តមានសម្តេច ស ខេងទៅប្រទេសបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ នោះឡើយ ។
ឯកឧត្តម ស សុខា បានចាត់ទុកការលើកឡើងរបស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេញចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង។
ឯកឧត្តម ស សុខា ថ្លែងថា "ការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ សំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បាន និងកំពុងប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ ពោលគឺមិនមែនអ្នកណាម្នាក់ ឬក្រុមណាមួយ អាចបំបែកបំបាក់ផ្ទៃក្នុងបានឡើយ។"
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែសីហា ខុទ្ទកាល័យលោក ស ខេង បានចេញសេចក្តីប្រកាសជាសាធារណៈមួយថា ដោយមានធុរៈផ្ទាល់ខ្លួន និងមានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានធ្វើដំណើរទៅកាន់ប្រទេសបារាំងចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ លិខិតបញ្ជាក់ថាក្នុងពេលអវត្តមានលោក ស ខេង លោក សក់ សេដ្ឋា ដែលជារដ្ឋលេខាធិការប្រចាំការទទួលភារកិច្ចជារដ្ឋមន្ត្រីស្តីទី ដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់លោក ស ខេង វិលត្រលប់មកវិញ៕