
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៨ សីហានេះ បានចោទសួរទៅលើសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ការចោទសួរនេះ ធ្វើឡើងក្រោយតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ សីហានេះ សម្រេចកាត់ទោសអោយលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន ២ឆ្នាំ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy មានប្រសាសន៍ថា ការផ្តន្ទាទោសដោយតុលាការ លើលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពដ៏គួរឱ្យគោរព នៅថ្ងៃនេះ ធ្វើឲ្យមានការចោទសួរយ៉ាងខ្លាំង ទៅលើសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសម្លេងសកម្មជនសន្តិភាពទេ។
គួរបញ្ជាក់ថា តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ សីហានេះ សម្រេចកាត់ទោសអោយលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ហើយត្រូវបង់ប្រាក់២លានរៀលទៅតុលាការ ខណៈសកម្មជន២នាក់ទៀតក៏តម្រូវឱ្យជាប់ពន្ធនាគារ២០ ខែដែរ និងពិន័យជាទឹកប្រាក់ដូចគ្នា។
លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា តុលាការសម្រេចកាត់ទោសអោយលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន២ឆ្នាំ ចំណែកឯលោកតុល និមល និងកញ្ញាសរ កណិការ ត្រូវជាប់ពន្ធនាគារចំនួន២០ខែ។ តុលាការក៏តម្រូវឱ្យម្នាក់ៗត្រូវបង់ប្រាក់២លានរៀលទៅតុលាការ និងរួមគ្នាបង់ ទៅខាងគណៈ កម្មការកិច្ចការ ព្រំដែន ៤០០ លានរៀល ។
អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីលោកបានរិះគន់លើបញ្ហាការបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ ដែលពលរដ្ឋអះអាងថា អាជ្ញាធរវៀតណាមបានរំលោភយកដីពួកគាត់។ ចំណែកលោក តុន និមល និងកញ្ញា សរ កណិកា ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយពេលពួកគេបានចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន និងជនជាប់ឃុំមួយចំនួនទៀត៕