ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងបើកកិច្ចប្រជុំការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីវិធានការឆ្លើយតបរួមរបស់អាស៊ានចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ស្របតាមគំនិតផ្ដួចផ្ដើមរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមដែលជាប្រធានអាស៊ានឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលមានការឯកភាពពីរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្ដីពីបញ្ហាកូវីដ១៩ នៅថ្ងៃទី៩ ខែមេសានេះ។
កិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់នឹងធ្វើការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីវិធានការឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងនូវឆាប់រហ័សនៃកូវីដ១៩ ក៏ដូចជាដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្ដីពីកូវីដ១៩។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះជាជំហានមួយយ៉ាងសំខាន់សម្រាប់សកម្មភាពរួមគ្នារបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខមាលភាពពិភពលោក ដែលកំពុងគំរាមគំហែងដោយកូវីដ១៩ និង ដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ានផងដែរ៕