ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានស្នើឲ្យម្ចាស់អចលនទ្រព្យ និងធនាគារមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ និងពន្យារការបង់ការប្រាក់ នៅពេលដែលកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ការថ្លែងរបស់សម្តេចហ៊ុន សែន បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅវិមានសន្តិភាពរាជធានីភ្នំពេញនៅថ្ងៃទី៧ មេសា ឆ្នាំ២០២០។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងថា ខណៈប្រទេសជាតិកំពុងជួបនូវវិបត្តិកូវីដ-១៩ សម្តេចស្នើឲ្យម្ចាស់អចលនទ្រព្យយោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយមិនគួរមានការរឹបអូសផ្ទះសម្បែង ឬដីធ្លីនៅក្នុងកាលៈទេសៈកូវីដ-១៩ នេះទេ។
ជាមួយគ្នានេះ សម្តេចបានបន្ថែមថា ចំពោះវិធានការផ្អាកផ្នែកធនាគារបានធ្វើច្រើនរួចមកហើយ ក៏ប៉ុន្តែសម្តេចស្នើសុំឲ្យបន្តធ្វើវិធានការនេះទៀត ដូចជាពន្យារការសង ឬពន្យារការសងអត្រាការប្រាក់ ដោយមិនមានការផាកពិន័យ ដើម្បីបង្ហាញពីការយោគយល់ដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។
សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថានេះមិនមែនជាបទបញ្ជាទេ ប៉ុន្តែជាការអំពាវនាវចំពោះវិស័យឯកជន ដែលរដ្ឋាភិបាលសុំឲ្យមានការយោគយល់ការប្រាក់ពន្យារការសង និងពន្យារការសងអត្រាការប្រាក់ ហើយមិនគប្បីឲ្យមានការរឹបអូសទ្រព្យសម្បត្តិនៅពេលប្រទេសជាតិកំពុងជួបនូវវិបត្តិកូវីដ-១៩នេះ៕