
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី ៣ សីហានេះ បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ ជាមួយ ឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ និង មានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃ បណ្តាប្រទេសជាសមាជិកមេគង្គដទៃទៀត។នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកម្ពុជា សង្ឃឹមថា«វិស័យឯកជនអាមេរិក»នឹងបន្តចូលមកវិនិយោគនៅកម្ពុជា។
ដូចការគ្រោងនេះ នៅថ្ងៃទី ៣ សីហានេះ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ បានចាប់ផ្តើមឡើងដោយមានរដ្ឋមន្ត្រីការបរទេសកម្ពុជា-អាមេរិក ជាអ្នកដឹកនាំកិច្ចប្រជុំ និងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម និងអគ្គលេខាធិការអាស៊ាន។
កិច្ចប្រជុំនេះ ភាគីទាំងអស់បានពិនិត្យមើលពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាងមួយទសវត្សរ៍ នៃកិច្ចសហការរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមេគង្គ ដែលផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងអនុតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ចំនួន៤ រួមមាន៖ (១)ការតភ្ជាប់សេដ្ឋកិច្ច (២)ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស និងការការពារបរិស្ថាន (៣)សន្តិសុខមិនប្រពៃណី និង(៤)ការអភិវឌ្ឍធនធានមនុស្ស។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសមេគង្គបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយ៥២លានដុល្លារអាមេរិកដល់ប្រទេសមេគង្គ។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោះស្រាយនូវបញ្ហាប្រឈមទូទៅ រួមមាន ការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព ។កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើ វិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ។
គួរបញ្ជាក់ថា ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន ២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើអោយតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ពាន់លានដុល្លារអាមេរិក មកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារអាមេរិក៕
