ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ មេសា ឆ្នាំ២០២០ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគ និង បូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការ។នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រៀមថវិកានេះ សម្រាប់យកទៅជួយប្រជាពលរដ្ឋក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាទិញម៉ាស និង សម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់។
សម្តេចបានថ្លែងថា «មិនមែនគ្រាន់តែបញ្ហាកូវីដ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារអោយពួកគាត់បានជាបន្ទាន់ឆាប់បំផុត ពោលគឺត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ដែលមានក្នុងប្រទេសរបស់យើងសម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់យើងអោយបានទាន់ពេល»។
សម្ដេច ហ៊ុន សែន បានអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ សូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា៕