
ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី៣០ ខែកក្កដា។វ៉ាក់សាំងនេះរាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់ចាក់ជូនដល់ប្រជាពលរដ្ឋជនជាតិភាគតិចនៅកម្ពុជា។
ថ្លែងក្នុងពិធីអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច។
មូលហេតុដែលកម្ពុជាសម្រេចទុកចាក់ជូនដល់ជនជាតិដើមភាគតិច ដោយសម្តេច ហ៊ុន សែន ពន្យល់ថា វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson វាមានភាពងាយស្រួលក្នុងការចាក់ដោយសារវាចាក់តែម្តង ដូច្នេះអាចជួយសម្រួលដល់ការធ្វើដំណើររបស់ក្រុមគ្រូពេទ្យកម្ពុជា។
បើតាមសម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទីតាំងខេត្តមួយចំនួនមានជាអាទិ៍ ខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តមួយចំនួនផ្សេងទៀតដែលមានជនជាតិដើមភាគតិច។
គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។នេះជាលើកដំបូងហើយដែលកម្ពុជាទទួលបានជំនួយជាវ៉ាក់សាំងរបសអាមេរិក។
អំណោយនេះ ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចាត់ទុកថា គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅ ក្នុងតំបន់ ក្នុងពេលដែលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ ហើយវាជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក៕