.jpg?1627028748)
ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជានាំចេញជ្រូកកសិដ្ឋានទៅទីផ្សារក្នុងស្រុករហូតដល់៧ពាន់ក្បាលក្នុងមួយថ្ងៃ។ចំនួននេះ បានបញ្ជាក់ថា ការនាំចេញជ្រូកកសិដ្ឋានទៅទីផ្សារក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈតម្លៃសាច់ជ្រូកនៅក្នុងទីផ្សារមានការធ្លាក់ចុះបន្តិច។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានលើកឡើងថា នៅទូទាំងប្រទេសកម្ពុជា ការចិញ្ចឹមជ្រូកមានប្រហែលជា៥០០កសិដ្ឋាន ហើយការនាំចូលជ្រូកទៅទីផ្សារក្នុងស្រុកមានការកើនឡើងរហូតដល់៨៥% ដោយពីមុនការផ្គត់ផ្គង់ជ្រូកទៅទីផ្សារមានពី៤០០០-៥០០០ក្បាលតែប៉ណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវកើនដល់ជាង ៧០០០ក្បាលក្នុងមួយថ្ងៃ។
ការកើនឡើងជ្រូកកសិដ្ឋានសព្វថ្ងៃនេះ គឺដោយសារតែកសិដា្នន និង ក្រុមហ៊ុនធំៗមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការមើលថែ និងចិញ្ចឹមជ្រូកឱ្យមានគុណភាពល្អសម្រាប់នាំចូលទីផ្សារ។ ក្រៅពីនេះក៏មានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មផងដែរ ដែលបានជួយជំរុញ វិស័យនេះឱ្យកាន់តែដំណើរការល្អ។នេះបើតាមលោកស្រ៊ុន ពៅ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជារូបនេះ បានបន្តថា បើទោះបីជាការនាំចេញជ្រូកមានការកើនឡើង ក៏តម្លៃជ្រូកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការធ្លាក់ចុះបន្តិច គឺនៅសល់ចន្លោះពី ១៣,០០០រៀល ទៅ១៣,៥០០រៀលក្នុងមួយគីឡូក្រាមអាស្រ័យទៅតាមតំបន់។ការធ្លាក់ចុះតម្លៃនេះ គឺដោយសារតែបញ្ហាកូវីដ-១៩បានធ្វើឱ្យតម្រូវការរបស់អតិថិជនពុំសូវមានដូចមុន ព្រោះបច្ចុប្បន្នពុំមានការជួបជុំ ការបង្កើតកម្មវិធីធំៗ ដែលត្រូវចំណាយលើការហូបចុកច្រើនដូចមុននោះទេ។ ម្យ៉ាងវិញទៀត កសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកក៏មានការកើនឡើង រីឯតម្រូវពុំសូវមាន ដូចនេះតម្លៃជ្រូកគឺត្រូវធ្លាក់ចុះបន្តិចបែបនេះហើយ។
តែយ៉ាងណាក៏ដោយ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា នៅតែមានការព្រួយបារម្មណ៍ចំពោះការនាំចូលជ្រូលខុសច្បាប់ពីប្រទេសជិតខាង ព្រោះការលួចលាក់នាំចូលនេះ ពុំមានការព្រួតពិនិត្យសុខភាពជ្រូកត្រឹមត្រូវទេ ដែលជាហេតុបណ្តាលឱ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការចិញ្ចឹមជ្រូកក្នុងស្រុកផងដែរ។សមាគមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមសហការជាមួយសមាគម ដើម្បីធានាបាននូវគុណភាព និង សុវត្ថិភាពទៅទីផ្សារក្នុងស្រុក៕