.jpg?1627007536)
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ២២ កក្កដា បានចេញប្រតិកម្មប្រឆាំងនឹងការចុះផ្សាយរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិន និងកម្ពុជា និងបានចោទចិនថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។
ស្ថានទូតចិនប្រចាំកម្ពុជា បានសម្តែងការព្រួយបារម្ភខ្លាំង និងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។
ស្ថានទូតចិនបានវាយបកវិញថា នៅលើពិភពលោកនេះ មានតែអាមេរិកទេ គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះសូម្បីតែ“សម្ព័ន្ធមិត្ត”ក៏មិនលើកលែងដែរ។សម្រាប់ស្ថានទូតចិន ចំពោះបញ្ហាសន្តិសុខអ៊ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិកត្រូវបានបាត់បង់យូរមកហើយ ដោយហេតុថាប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯង។
ចំពោះក្នុងអត្ថបទរបស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេ នេះមិនមែនជាការពិត។ ស្ថានទូតចិនប្រចាំកម្ពុជាមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ ហើយប្រសិនជាទទួលបានដំណឹង ក៏មិនខកខានឱកាសបញ្ជាក់ការពិត និង បង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបដែរ។ទូតចិនសង្ឃឹមថា Reuters លើកក្រោយគោរពការពិត លើកកម្ពស់វិជ្ជាជីវៈនិងភាពម៉ឺងម៉ាត់ក្នុងការរាយការណ៍៕