
ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមកម្ពុជាមួយចំនួនធំ នៅប៉ុន្មានថ្ងៃចុងក្រោយនេះបាននាំគ្នាប្រតិកម្មខ្លាំងៗចំពោះព័ត៌មានដែលថា ថៃកំពុងសាងសងប្រាសាទដូចអង្គរវត្តរបស់កម្ពុជា ស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ និង'បានស្នើឱ្យរាជរដ្ឋាភិបាលបញ្ជាក់ឱ្យច្បាស់លើករណីនេះ។អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ករណីនេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងធ្វើការស្រាវជ្រាវជាមួយអាជ្ញាធរនៃប្រទេសថៃ។
ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំពោះរូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម ស្តីពីការសាងសង់ប្រាសាទអង្គរវត្តកម្ពុជាក្នុងទឹកដីថៃ គឺក្រសួងមិនទាន់ទទួលបានការបញ្ជាក់ពីខាងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃនៅឡើយទេ ដោយបច្ចុប្បន្នស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជាក់ថា តើការសាងសង់ប្រាសាទនេះ មានលក្ខណៈបែបណា? តើដូចអង្គរវត្តយើង ឬយ៉ាងណា?
បើតាមអ្នកនាំពាក្យដដែល គិតមកដល់ថ្ងៃទី ៦ កក្កដានេះ ក្រសួងមិនទាន់ដឹងច្បាស់ទេ និង សូមឱ្យសាធរណជនរង់ចាំការស្រាវជ្រាវរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃជាមុនសិន។
គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានា បានឱ្យដឹងថា ប្រាសាទដូចអង្គរវត្តរបស់កម្ពុជាកំពុងសាងនៅទឹកដីថៃ។ ការសាងសង់ប្រាសាទ គឺសាងសង់ឡើងស្ថិតនៅក្នុងខេត្តបុរីរ៉ាំ ប្រទេសថៃ។



