Cc time web banner 054637

ថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិនឯកភាពជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិនឯកភាពជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួម រវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរបន្ថែមទៀត។ ការឯកភាពនេះត្រូវបានធ្វើឡើងតាមរយៈសារលិខិតផ្ញើជូនគ្នាទៅវិញទៅមក អបអរសាទរខួបបង្កើតគណបក្សកាន់អំណាចប្រទេសទាំងពីរកាលពីពេលថ្មីៗនេះ។

ឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតមួយច្បាប់ជូនចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរសាទរខួប ៧០ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២១)។

ឯកឧត្តម ស៊ី ជីនភីង បញ្ជាក់ថា ឯកឧត្តមមានឆន្ទៈរួមជាមួយសម្តេចតេជោ ហ៊ុន សែន សំដៅបង្កើនការណែនាំផ្នែកនយោបាយ ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូររវាងបក្ស និងក្នុងវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប កាលពីថ្ងៃទី២ កក្កដា ២០២១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ញើលិខិតឆ្លើយតបទៅនឹងសារលិខិតអបអរសាទររបស់ប្រធានរដ្ឋចិនវិញដែរ ដោយសម្តេចបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយបក្សកុម្មុយនិស្ដចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួម រវាងប្រទេសទាំងពីរ។

សម្តេចបានបញ្ជាក់ថា ដោយផ្អែកលើការជឿជាក់ផ្នែកនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមករបស់គណបក្សយើងទាំងពីរ សម្តេចមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលមានស្រាប់ រវាងកម្ពុជានិងចិននឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង