
ភ្នំពេញ៖ ក្នុងឱកាសដែលឯកឧត្តម Vu Quang Minh បានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Vu បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកជួយសហការជាមួយឯកឧត្តមធ្វើឲ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលជោគជ័យ។
ក្នុងជំនួបកិច្ចសហប្រតិបត្តិការរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា។ ឯកឧត្តមបានជម្រាបជូនសម្តេច ហ៊ុន សែន ថាឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅប្រទេសកម្ពុជា។ ក្នុងរយៈពេល៣ឆ្នាំ៧ខែកន្លងមក ឯកឧត្តមសង្គេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺមានភាពរឹងមាំ និងមានការីកចម្រើន។
ឯកឧត្តម Vu Quang Minh បានបន្តថា ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្ម ក៏មានការកើនឡើងផងដែរ។ ឯកឧត្តម Vu បានមានប្រសាសន៍ថានេះជាជំនោគជ័យ ជាសុភមង្គលនៃទំនាក់ទំនងការទូត។ ឆ្លៀតឱកាសនេះ ឯកឧត្តម Vu បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេច ហ៊ុន សែន ថ្នាក់ដឹកនាំកម្ពុជាគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាជនកម្ពុជាផងដែរ បានចូលរួមចំណែកជួយសហការជាមួយឯកឧត្តមធ្វើឲ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលជោគជ័យ។
ជាការឆ្លើយតបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ស្របជាមួយអ្វីដែលឯកឧត្តម Vu Quang Minh បានលើកឡើង ហើយបានថ្លែងអំណរគុណជូនឯកឧត្តម Vu ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើននិងកាន់តែរឹងមាំ។
ទន្ទឹមនេះ សម្តេចបានជម្រាបជូនឯកឧត្តម Vu ថា នាកាលៈទេសៈនេះ អ្វីដែលគប្បីធ្វើគឺទី១ រួមគ្នាគ្រប់គ្រងប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈវិធានសុខាភិបាល ប៉ុន្តែធ្វើយ៉ាងណាកុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា, ទី២គឺបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ, ទី៣គឺពិនិត្យមើលវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន និងជាទីបញ្ចប់សម្តេចបានជូនពរឯកឧត្តម Vu ឲ្យជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់ឯកឧត្តមនាថ្ងៃអនាគត៕