
សៀមរាប៖កម្ពុជា-ឥណ្ឌូណេស៊ី បង្កើតកម្មវិធីជិះកង់ «បាទីក្រមា» នៅរមណីយដ្ឋានអង្គរ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនការផ្សព្វផ្សាយផ្នែកវប្បធម៌ និងទេសចរណ៍ផងដែរ។ កម្មវិធីនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី។
យោងតាមសេចក្តីប្រកាស ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថានទូតឥណ្ឌូណេស៊ី បានចូលរួមកម្មវិធីជិះកង់ «បាទីក្រមា» នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅរមណីយដ្ឋានអង្គរ ក្នុងបំណងរក្សា ក៏ដូចជាបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយព្រឹត្តិការណ៍ជិះកង់នេះនឹងក្លាយជាគំរូមួយដ៏ល្អប្រសើរ ដើម្បីជាការចាប់ផ្តើមនៃការក្រោកឈរឡើងវិញប្រយុទ្ធប្រឆាំងនឹងស្ថានការណ៍ដ៏លំបាកក្នុងវិបត្តិជំងឺកូវីដ១៩ នេះផងដែរ។
ឯកឧត្តម ប៉ាក់ សុខុម បានលើកឡើងថា ការរៀបចំកម្មវិធីជិះកង់នៅក្នុងខេត្តសៀមរាបនេះមិនមែនជារឿងចៃដន្យទេ ខណៈដែលខេត្តនេះត្រូវបានចាត់ទុកជាទីក្រុងវប្បធម៌នៃប្រទេសអាស៊ានសម្រាប់ឆ្នាំ២០២១-២០២២។ ឯកឧត្តមក៏បានកោតសរសើរចំពោះកម្មវិធីនេះថា បានបង្ហាញពីអតីតកាលរបស់ប្រទេសកម្ពុជា ក៏ដូចជាការបង្ហាញភាពប្រហាក់ប្រហែលគ្នានៃផ្នែកវប្បធម៌ និងអារ្យធម៌រវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី៕