ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែមិថុនា នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ (COVID-19)ម្នាក់ ជាអ្នកលក់ភេសជ្ជៈតាមរទេះរុញនៅ«ផ្សារអូរឫស្សី» រាជធានីភ្នំពេញ។ ហេតុនេះ អ្នកដែលពាក់ព័ន្ធនឹងករណីនេះ ដែលបានទៅទិញភេសជ្ជៈពីអ្នកលក់តាមរទេះរុញ នៅផ្សារអូរឫស្សី ចាប់ពីថ្ងៃទី១៧ មិថុនាដល់ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និង«តាមដានសុខភាព» រយៈពេល ១៤ថ្ងៃ ហើយបើមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យ។
ជាមួយនឹងករណីនេះ ដើម្បីសុវត្ថិភាព អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋពាក់ព័ន្ធ ទៅយកសំណាក ហើយធ្វើចត្តាឡីស័កតាមដានសុខភាព និងសូមក្រើនរំលឹកប្រជាពលរដ្ឋដែលបានទៅទិញភេសជ្ជៈពីអ្នកលក់តាមរទេះរុញ នៅផ្សារអូរឫស្សី ចាប់ពីថ្ងៃទី១៧ មិថុនាដល់ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕