
ចិន៖ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។ សនិ្នសីទនេះនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសដៃគូពាក់ព័ន្ធ និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមមូលបទ “ការជំរុញកិច្ចសហប្រតិបត្តិការស្តីពីការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកល សម្រាប់ការងើបឡើងវិញប្រកបដោយនិរន្តរភាព» ដែលមានការដឹកនាំពីឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
សន្និសីទនេះនឹងពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែម ទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ព្រមទាំងលើកកម្ពស់ភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
នៅក្នុងសន្និសីទនេះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានឹងអញ្ជើញថ្លែងបទអន្តរាគមន៍ ដោយផ្តោតលើ ទិដ្ឋភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ពហុភាគីនិយមដែលបើកចំហរ និងប្រកបដោយបរិយាប័ន្ន ការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅធានានូវការទទួលបានវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ប្រកបដោយសមធម៌សម្រាប់សកលលោក និងការស្តារសេដ្ឋកិច្ច-សង្គមប្រកបដោយ ចីរភាព៕