Cctimesw1140xh150cm copy

ក្រសួងទេសចរណ៍៖ ថ្ងៃឈប់សម្រាក៣ថ្ងៃ មានភ្ញៀវទេសចរជាង១០ម៉ឺននាក់ដើរកម្សាន្ត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ភ្ញៀវទេសចររាប់រយនាក់ ទៅបោះតង់កម្សាន្តនៅលើភ្នំខ្នងផ្សា  ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ១៩ កន្លងទៅ ។

ភ្នំពេញ៖ នៅក្នុងថ្ងៃឈប់សម្រាកនាចុងសប្ដាហ៍រយៈពេលបីថ្ងៃមកនេះ មានភ្ញៀវទេសចរជាង១០ម៉ឺននាក់ បានដើរកម្សាន្តនៅតាមរមនីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ជាថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ បានដើរកម្សាន្តនៅតាមគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិផ្សេងៗ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ៖«ចំនួននេះមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%»។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា ការកើនឡើងចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ដោយសារមានថ្ងៃសម្រាកព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-អាទិត្យ មានរយៈពេលបីថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានពេលវេលាច្រើនក្នុងការទៅកម្សាន្តនៅគោលដៅទេសចរណ៍នានា។

យ៉ាងណាមិញ ទោះបីមានការកើនឡើងនៃជំងឺកូវីដ-១៩ នៅតំបន់មួយចំនួននៅតាមបណ្តារាជធានី-ខេត្ត ក៏នៅតាមគោលដៅទេសចរណ៍ខ្លះនៅតែមានទេសចរទៅលម្ហែកម្សាន្តខ្លះៗផងដែរ។

ទន្ទឹមនឹងនេះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តនៅតែបានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ ៣កុំ ៣ការពារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង