ភ្នំពេញ៖ចាប់តាំងពីមានការរីករាលដាលនៃកូវីដ១៩មក ជាពិសេសការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យវិស័យទេសចរណ៍នៅទូទាំងប្រទេសកម្ពុជាមានភាពថមថយជាងមុន។នេះបើតាមប្រសាសន៍របស់លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២១។
លោក តុប សុភ័ក្រ បានលើកឡើងថា ក្នុងដំណាក់កាលនៃព្រឹត្តិការណ៍២០កុម្ភៈនេះ ក្រសួងមិនទាន់មានរបាយការណ៍បញ្ជាក់ពីតួលេខនៃការធ្លាក់ចុះភ្ញៀវទេសចរនៅចន្លោះខែ១ និងខែ២នៅឡើយទេ។ ប៉ុន្តែ ស្ថានភាពនេះមិនខុសគ្នាពីតួលេខឆ្នាំ២០២០កន្លងទៅនេះទេ ពោលគឺកម្ពុជាមានទេសចរណ៍អន្តរជាតិថយចុះរហូតដល់៨០% ចំណែកឯទេសចរណ៍ក្នុងស្រុកថយចុះបប្រមាណជា២០%។
បើតាមលោក សុភ័ក្រ ខណៈទេសចរណ៍កម្ពុជាមានការផលប៉ះពាល់ អ្នកធ្វើការ ឬប្រកបរបរពាក់ព័ន្ធជាមួយវិស័យទេសចរណ៍ដូចជា បុគ្គលិកសណ្ឋាគារ កម្មករ មគ្គទេសទេសចរណ៍ ក៏មានផលប៉ះពាល់គួរឱ្យកត់សម្គាល់ផងដែរដោយ សណ្ឋាគារ ផ្ទះសំណាក់នៅទូទាំងប្រទេសកម្ពុជា បានបិទប្រហែលជា៣០% ហើយក្នុងនោះខេត្តដែលជាគោលដៅទេសចរណ៍ដូចជាខេត្តសៀមរាបមានសណ្ឋាគារ និងផ្ទះសំណាក់បានបិទរហូតដល់៩០% កម្មករបាត់បង់ការងារប្រមាណជា១១ម៉ឺននាក់ក្នុងចំណោមកម្មករដែលទទួលបានការងារធ្វើចំនួន៦៣ម៉ឺននាក់។
តែយ៉ាងណាសម្រាប់អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ យល់ថា បើសិនជារដ្ឋាភិបាលកម្ពុជាមានការគ្រប់គ្រងស្ថានការកូវីដ១៩បានកាន់តែល្អ ដូចនៅក្នុងបច្ចុប្បន្ននេះមានវ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាចំណែកមួយធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តជាងមុន នោះស្ថានភាពទេសចរណ៍នៅក្នុងស្រុកអាចនឹងមានការងើបឡើងវិញជាបណ្តើរៗបានដែរ។ ចំណែកខាងក្រសួងក៏មានវិធានការ ឬយុទ្ធសាស្រ្តនានាក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជាផងដែរ៕