Cctimesw1140xh150cm copy

គិតត្រឹមពេលនេះប្រទេស៥បានផ្តល់ ថវិកា និងសម្ភារពេទ្យដល់កម្ពុជា ដើម្បីប្រឆាំងកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
ក្រុមគ្រូពេទ្យជំនាញចំនួន៧នាក់ មកកម្ពុជាកាលពីថ្ងៃទី ២៣ មីនា។ 

ភ្នំពេញ៖ គិតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានទទួលជំនួយទាំងថវិកា និង សម្ភារវជ្ជសាស្រ្តពីប្រទេសចំនួន៥ហើយ ដើម្បីយកប្រើប្រាស់ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ប្រទេសទាំង៥នេះ គឺចិន ជប៉ុន អាមេរិក អាល្លឺម៉ង់ និងវៀតណាម។

ចិន បានជួយកម្ពុជាដោយបញ្ជូនក្រុមគ្រូពេទ្យជំនាញចំនួន៧នាក់ ពេទ្យយោធា៤នាក់ និងសម្ភារវជ្ជសាស្រ្តមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រុមគ្រូពេទ្យជំនាញរបស់ចិនទាំងនេះ នឹងពិភាក្សាអំពីបទពិសោធន៍នៃកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយនឹងភាគីកម្ពុជា ជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺដល់ភាគីកម្ពុជា និងផ្តល់យោបល់ណែនាំជូនដល់អ្នកជំងឺពេលព្យាបាល។ ទន្ទឹមនឹងនេះ ដើម្បីជួយដោះស្រាយបញ្ហាកង្វះសម្ភារទប់ស្កាត់នឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលចិនក៏បានផ្តល់ជំនួយជាម៉ាសវេជ្ជសាស្រ្ត ម៉ាសN95 សម្លៀកបំពាក់ការពារវីរុស វ៉ែនតាការពារ និងសម្ភារផ្សេងទៀតយ៉ាងច្រើន ជូនដល់ភាគីកម្ពុជា។

រដ្ឋាភិបាលជប៉ុនវិញ ក៏បានផ្តល់ជំនួយជាសម្ភារៈដល់កម្ពុជាដែរ មានដូចជា អាវបំពង់ចំនួន៩,៣៦០សម្រាប់ អាកុលសម្អាតដៃចំនួន៤៨០ វ៉ែនតាការពារសុវត្ថិភាពចំនួន៥៤០ និងស្រោមដៃ២៤,៤០០គូ។ ចំណែក អាមេរិកផ្តល់ជំនួយជាទឹកប្រាក់ចំនួន២លានដុល្លារ ខណៈដែលប្រទេសអាល្លឺម៉ង់ផ្តល់ជំនួយជាថវិកាដូចគ្នាចំនួនប្រមាណជា១លាន៦សែនដុល្លារអាមេរិកដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩។

វៀតណាម គឺជាប្រទេសចុងក្រោយនាពេលនេះដែលបានផ្តល់ជំនួយដល់កម្ពុជា។ រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានសម្រេចផ្តល់ជំនួយជាថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជា និងឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីលើជំនួយជាថវិកានេះ វៀតណាមក៏ត្រៀមបញ្ជូនក្រុមអ្នកជំនាញវជ្ជសាស្រ្តរបស់ខ្លួនមកកាន់កម្ពុជា និង ឡាវផងដែរ ដើម្បីចូលរួមទប់ស្កាត់ជំងឺរាតត្បាតមួយនេះ។

ចំពោះរដ្ឋាភិបាលកម្ពុជាខ្លួនឯងវិញ ក៏បានបញ្ចេញកញ្ចប់ថវិកាចំនួន៣០លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ។ បន្ថែមពីលើថវិកានេះ ព្រះមហាក្សត្រ សម្តេចម៉ែ មន្រ្តីជាន់ខ្ពស់នានា និងសប្បុរសជនផ្សេងៗទៀត ក៏បានបរិច្ចាកថវិកាផ្ទាល់ខ្លួនសរុបជិត៩លានដុល្លារចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ រដ្ឋាភិបាលកម្ពុជាក៏បានត្រៀមកញ្ចប់ថវិកាពី៨រយទៅ២ពាន់លានដុល្លារអាមេរិក ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចកម្ពុជាដែលរងផលប៉ះពាល់ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩នេះផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង