Cc time web banner 054637

វៀតណាមផ្តល់ថវិកា២០ម៉ឺនដុល្លារដល់កម្ពុជា និងឡាវ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
នាយករដ្ឋមន្រ្តីវៀតណាម លោកNguyen Xuan Phuc នៅកណ្តាល។

វៀតណាម៖ នាយករដ្ឋមន្រ្តីវៀតណាម លោកNguyen Xuan Phuc បានប្រកាសថា រដ្ឋាភិបាលវៀតណាមបានសម្រេចផ្តល់ថវិកា២០ម៉ឺនដុល្លារអាមេរិកដល់កម្ពុជា និង ឡាវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានOnline Newspaper of the Government of the Socialist Republic of Viet Nam (VGP News) កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

សារព័ត៌មាន VGP News បានចុះផ្សាយថា ក្រៅពីជំនួយជាថវិកា រដ្ឋាភិបាលវៀតណាមក៏បានត្រៀមបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តរបស់ខ្លួនមកជួយដល់ប្រទេសកម្ពុជា និងឡាវថែមទៀតផង។ បើតាមសារព័ត៌មានដដែលនេះ ការប្រកាសផ្តល់ជំនួយថវិកា និងអ្នកជំនាញវេជ្ជសាស្រ្តនេះ គឺលោកនាយករដ្ឋមន្រ្តីវៀតណាមបានទាក់ទងប្រាប់ឱ្យនាយករដ្ឋមន្រ្តីកម្ពុជា និងឡាវបានដឹងកាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងជំនួបតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោក Nguyen Xuan Phuc បានលើកឡើងពីវិធានការកម្រិតខ្ពស់នានារបស់រដ្ឋាភិបាលកម្ពុជាក្នុងការការពារ និង គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់សម្រាប់ប្រទេសនានាក្នុងការរុញច្រានជំងឺកូវីដ-១៩ត្រឡប់ទៅវិញ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឱ្យភាគីទាំងពីរគ្រប់លំដាប់ថ្នាក់សហការគ្នាឱ្យបានសកម្មប្រឆាំងនឹងជំងឺនេះ ដោយធានាឱ្យមានការផ្លាស់ប្តូរព័ត៌មានគ្នាដោយរលូន ហើយដោះស្រាយឧបសគ្គផ្សេងៗដោយឈរលើស្មារតីសហប្រតិបត្តិការ និង ការយោគយល់គ្នាទៅវិញទៅមក។

បន្ថែមលើនេះ លោក Nguyen Xuan Phucក៏បានអះអាងប្រាប់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា វៀតណាមក៏បានត្រៀមរួចជាស្រេចដើម្បីធ្វើការជាមួយភាគីកម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តប្រជាជនកម្ពុជាដែលត្រូវបានដាក់ឱ្យនៅដាក់ដោយឡែកពីគេនៅក្នុងប្រទេសវៀតណាម និងចង់វិលត្រឡប់មកកម្ពុជាវិញ។

ជាការឆ្លើយតបវិញ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និង បានសម្តែងការអរគុណចំពោះការឆ្លើយតបរបស់វៀតណាមទៅតាមការស្នើសុំរបស់កម្ពុជា។ សម្តេចហ៊ុន សែន ក៏បានគូសបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីវៀតណាមដែរថា រដ្ឋាភិបាល និងប្រជាជនកម្ពុជាតែងតែចាត់ទុកប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដូចជាអ្នកស្រុកភូមិផងជាមួយគ្នាដែរ។ នាយករដ្ឋមន្រ្តីកម្ពុជាក៏ដូចជានាយករដ្ឋមន្រ្តីឡាវ បានចាត់ទុកជំនួយរបស់វៀតណាមនេះជាអំណោយដ៏មានអត្ថន័យនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ៕ 

ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង