
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជាជ្រើសរើសជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុកដែលបានដាក់ពាក្យលាលែងពីតំណែង។នេះបើយោងតាម ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាថ្លែងប្រាប់ស៊ីស៊ីថាមស៍។
ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានបញ្ជូនមកដល់ អគ្គលេខាធិការនៅថ្ងៃទី១៦ ខែមិថុនានេះ ហើយនៅសប្តាហ៍ក្រោយនេះរដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីកំណត់កិច្ចប្រជុំពេញអង្គ នៅថ្ងៃខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជនប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ។
បើតាមឯកឧត្តម ឡេង ប៉េងឡុង នៅថ្ងៃទី១៦ ខែមិថុនានេះដែរ លោក ប្រាជ្ញ ចន្ទ ក៏បានដាក់ពាក្យលាលែងពីតំណែង ប្រធានគណៈកម្មការទី១ និងសមាជិករដ្ឋសភារបស់លោកផងដែរ។
សូមជំរាបថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៤មិថុនានេះ បានអនុម័តយល់ព្រម លើសំណើលាឈប់ ពីតួនាទី និងតំណែង ប្រធានគ.ជ.ប លោកស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តី ព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធី នៃការជ្រើសរើសបេក្ខជន ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខា ធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង ជ្រើសរើសបេក្ខជន ជាប្រធានគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក។
សូមរំលឹកថា លោកស៊ិក ប៊ុនហុក បានទទួលតំណែងជាប្រធានគ.ជ.ប កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ជំនួសលោក អ៊ឹម សួស្តី៕