
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំរបស់ខ្លួន តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ក្នុងកិច្ចប្រជុំនោះដឹកនាំដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និង បានសម្រេចអនុម័តយល់ព្រមនូវបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងតាមលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមនូវបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
បេក្ខជន២រូបដែលដាក់ពាក្យប្រជែកតំណែងប្រធាន គ.ជ.បនោះមាន ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។ចំណែកមួយរូបទៀត គឺឯកឧត្តម ការ លាន អតីតអភិបាលរងខេត្តព្រះវិហារ។
សូមជំរាបថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៤មិថុនានេះ បានអនុម័តយល់ព្រម លើសំណើលាឈប់ ពីតួនាទី និងតំណែង ប្រធានគ.ជ.ប លោកស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តី ព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធី នៃការជ្រើសរើសបេក្ខជន ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខា ធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង ជ្រើសរើសបេក្ខជន ជាប្រធានគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក។
សូមរំលឹកថា លោកស៊ិក ប៊ុនហុក បានទទួលតំណែងជាប្រធានគ.ជ.ប កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ជំនួសលោក អ៊ឹម សួស្តី៕