កំពត៖ យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត ស្ដីពីការស្លាប់របស់បុរសជនជាតិខ្មែរម្នាក់មានជំងឺកូវីដ-១៩ អាយុ ៤៣ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានស្លាប់ដោយសារដាច់សសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ក្នុងស្ថានភាពសុខភាពល្អប្រសើរធម្មតា ហើយឡើងដើរហាត់ប្រាណធម្មតា ក៏បានដួលស្លាប់បាត់បង់ជីវិតភ្លាមៗ។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ពលរដ្ឋដែលទទួលមរណភាព មានឈ្មោះ ឡេ ប៊ុនង៉ា ភេទប្រុស អាយុ ៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ-១៩ មានអាសយដ្ឋាន នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត និងចូលមកសម្រាកមណ្ឌលព្យាបាលវិទ្យាល័យព្រះបិតាជាតិ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងស្ថានភាពសុខភាពល្អប្រសើរធម្មតា។
លុះដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺ បានឡើងដើរហាត់ប្រាណធម្មតា ក៏បានដួលស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសដែលមានជំងឺកូវីដ-១៩ មានអាយុ ៦៨ឆ្នាំខាងលើ បានស្លាប់ដោយសារតែ ដាច់សសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។
រដ្ឋបាលខេត្តកំពត សូមអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធជាមួយនឹងសពខាងលើ សូមមេត្តា រួសរាន់ទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ទាន់ពេលវេលា និងសូមសាធារណជនទាំងអស់ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវី-១៩ ចូលក្នុងសហគមន៍ និងដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត មានការសោកស្តាយជាពន់ពេក និងសូមចូលរួមចំណែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕