ភ្នំពេញ៖ សត្វត្មាតចំនួនបីប្រភេទដែលមានវត្តមានៅកម្ពុជាមានដូចជា ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ គឺជាសត្វប្រភេទជិតផុតពូជបំផុតពីផែនដី។
សព្វថ្ងៃនេះ សត្វត្មាតដែលមានវត្តមាននៅកម្ពុជាមានតែបីប្រភេទប៉ុណ្ណោ។វត្តមានរបស់សត្វកម្រនេះគឺមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។
បើតាមប្រសាសន៍ ឯកឧត្តម នេត្រ ភត្រា បានឱ្យដឹងថា សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ។
អ្នកនាំពាក្យរូបនេះបន្តទៀតថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុ ងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។
លោកបញ្ជាក់ថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួន បានប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុ ចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល។
ទាក់ទិននឹងបញ្ហានេះ ចំពោះខេត្តព្រះវិហារផ្ទាល់ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិតាមរយៈការផ្តល់ចំណីបន្ថែមមួយខែ ២ ដងដល់សត្វត្មាត និងការពារសំបុកពងកូន អភិវឌ្ឍន៍នូវការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត នៅក្នុងខេត្តព្រះវិហារ។ ចាប់ពីខែ មករា ដល់ខែ ឧសភា ឆ្នាំ២០២១ មាន ការរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន ១០ដងដើម្បីតាមដានចំនួនសត្វត្មាត។
សូមជម្រាបជូនថា បើតាមលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីថ្ងៃទី១០កន្លងទៅ បានកត់ត្រាវត្តមានសត្វត្មាតចំនួន ៨២ ក្បាលក្នុងនោះមានត្មាតភ្លើង ១៣ក្បាល ត្មាតផេះ ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល បើធៀបនឹងជំរឿនសត្វត្មាតកាលពីឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះ។ តែយ៉ាងណាមិញ ក្រសួងនឹងធ្វើជំរឿនសត្វត្មាតចំនួន៥ដងទៀត ដើម្បីកំណត់ឱ្យដឹងពីចំនួនជាក់លាក់របស់សត្វត្មាតដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា៕