ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋក្នុងស្រុកឆែប ខេត្តព្រះវិហារ បានកែឆ្នៃដើមទ្រាំធ្វើជាឧបករណ៍ប្រើប្រាស់បានច្រើន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីរបរធ្វើស្រែចម្ការ។
ពលរដ្ឋក្នុងសហគមន៍ឆែប អាចរកចំនូលបន្ថែមក្រៅពីរបរធ្វើស្រែចម្ការ ដោយការទាញយកផលប្រយោជន៍ចេញពីដើមទ្រាំង ដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូ ដើម្បីលក់ចេញលើទីផ្សារ។
លោក លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថាតាមរយៈការកែច្នៃសម្ភារៈធ្វើពីដើមទ្រាំងនេះ គឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ។
ប្រធានសហគមន៍រូបនេះបន្តថា ពលរដ្ឋក្នុងតំបន់នេះគឺដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនេះអាចកែច្នៃជាសម្ភារៈច្រើនមុខ ដូចជា វែកបាយ ស្លាបព្រា ចង្កឹះ ដាវ ធ្នូ ប្រដាប់អេះខ្នង និងសម្ភារៈដទៃទៀត។
លោកបញ្ជាក់ថា សម្ភារៈទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់ ព្រោះមានគេកុម្ម៉ង់ផងដែរ។
ចំណែក អ្នកស្រីទិត្យ សុខុន ជាពរដ្ឋក្នុងស្រុកឆែប បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថា អ្នកស្រីអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ដូនជា គមវាធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារៈច្រើនបែបយ៉ាងណាស់ពេលបច្ចុប្បន្ន។
ទាក់ទិនទៅនឹងមុខរបររបស់ប្រជាពលរដ្ឋនៅតំបន់នេះ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថាបច្ចុប្បន្ននេះតាមរយៈការអភិរក្ស និង កិច្ចការពារបាននូវព្រៃឈើ សត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ឋសហគមន៍អាចទទួលបាននូវ អនុផលព្រៃឈើ ក្នុងនេះដូចជាដើមទ្រាំងជាដើម។
លោកបន្តថា ដើមទ្រាំងសម្បូរនៅដែនជម្រកសត្វព្រៃឆែប ដែលជាការងាយស្រួល់ពលរដ្ឋអាចដកហូត ធ្វើការកែច្នៃ ជាសម្ភារៈនានាដើម្បីលក់បានជាចំណូលបំពេញបន្ថែមសម្រាប់ជីវភាពគ្រួសារ ។
ឯកឧត្តម មានប្រសាសន៍៖«ចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋក្នុងស្រុក។ ក្រៅពីនេះវាក៏ជាការជួយថែរក្សាប្រភេទដើមទ្រាំងពីព្រោះថាស្លឹកទ្រាំងនេះដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាលមក»។
ទន្ទឹមនឹងនេះ ការថែរក្សាបាននូវពូជដើមទ្រាំងក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកែច្នៃទាំងនេះគឺជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារតទៅថ្ងៃខាងមុខយូរអង្វែងទៀត។
សូមជម្រាបជូនថា ដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមពណ៌ខ្មៅដែលមានកំពស់ពី ៦ ទៅ ២៥ ម៉ែត្រ។ដើមទ្រាំងធាងរបស់វាវែងៗ ហើយធំ ដោយគេអាចយកធាងទាំងនោះ យកមកកែច្នៃពុះច្រៀកធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានព៌ណខ្មៅ៕