កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់«មន្ទីរសម្រាកព្យាបាល អ៉ិន សែ» ស្ថិតក្នុងភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ មិថុនា រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីមានការពាក់ព័ន្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
មូលហេតុនៃការបិទខ្ទប់រយៈពេល ១៤ថ្ងៃ នៅមន្ទីរសម្រាកព្យាបាល អ៉ិន សែ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម គឺដោយសារមានអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ បានទៅសម្រាលកូននៅទីនោះ។
ជាមួយគ្នានេះ អាជ្ញាធរ សំណូមពរឱ្យនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាល សង្កាត់កំពង់ចាម និងម្ចាស់មន្ទីរសម្រាកព្យាបាល អ៉ិន សែ បានចូលរួមអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕