ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសនូវសេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៦ករណី ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្នុងខេត្តកំពត ក្នុងនោះមានសិស្ស កុមារ អ្នកលក់ដូរ កសិករ និងបុគ្គលិក។
ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវដ-១៩ ថ្មី ចំនួន ៤៦នាក់ ត្រូវបានដាក់ឲ្យសំរាកព្យាបាលនៅមណ្ឌលព្យាបាល និងមន្ទីរពេទ្យបង្អែកកំពត ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នក ដែលពាក់ព័ន្ធក្នុងករណីនេះ ជាបន្តទៀត។
ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល បើសិនមានបញ្ហាសុខភាព សូមអញ្ជើញមកយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅ ជិតលោកអ្នក ឬទំនាក់ទំនងមកទូរស័ព្ទលេខ ០៦១ ៨៦៧ ៧៧៦, ០៩៧ ៥៣៩ ៩៩៤៨, ០១២ ៧៣៣៤៦៨ (ស្រុកប្រតិបត្តិកំពង់ត្រាច), ០១២ ២០០ ៤១២, ០៩៩ ៧៨៦៥២៧ (ស្រុកប្រតិបត្តិឈូក), ០១២ ៤៨៣ ៣៥៨ , ០៨៨ ២២០១៥៦៧ (ស្រុកប្រតិបត្តិអង្គរជ័យ), ០១២ ២៤០១៧១, ០១២ ៤៥៦៩៩០ (ស្រុកប្រតិបត្តិកំពត), ០៧៧ ៧៣០៨៣៧ (មន្ទីរពេទ្យបង្អែកខេត្ត) និង ០១២ ៨២២ ១៧៩, ០៧៨ ២៤៨៩៩៨ (មន្ទីរសុខាភិបាល)។
រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺកូវីដនេះ៕