ភ្នំពេញ៖ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីលោកមានជំងឺប្រចាំកាយ។នេះបើយោងតាមលទ្ធផលកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាដែលបានអនុម័តយល់ព្រមនូវរបៀបវារៈមួយចំនួនក្នុងនោះក៏បានពាក្យសុំលាឈប់ពីតំណែងប្រធាន គ.ជ.បរបស់ឯកឧត្តម ស៊ិក ប៊ុនហុកផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តម ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធាន គ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣។កាលពីថ្ងៃទី ២ មិថុនា ឯកឧត្តមបានដាក់ពាក្យលាឈប់ បន្ទាប់ពីលោកមានជំងឺប្រចាំកាយដែលត្រូវសម្រាកព្យាបាលសុខភាព។
ពាក្យនេះត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រម ហើយនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕